ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ១២៤,៤០ គីឡូក្រាម ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ត្បូង​ឃ្នុំ និង​ខេត្ត​ព្រះសីហនុ​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ ក​.​ប​.​ប​. ប្រចាំរាជធានី​ភ្នំពេញ ខេត្ត​ត្បូង​ឃ្នុំ និង​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿងឧបភោគ បរិភោគ​ប្រើប្រាស់​តាម​បណ្ដា​ទីផ្សារ​ស្ថិតក្នុង​ខេត្ត​ជា​គោលដៅ​របស់ខ្លួន​ផ្ទាល់​តែម្ដង ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​។ ជា​លទ្ធផល​បាន​រកឃើញ​នូវ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៃ​ចំនួន​ខាងលើ​។

​ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមថា ចំពោះ​ទំនិញ​ទាំងអស់នោះ បានធ្វើ​ការដកហូត និង​កម្ទេចចោល​ភ្លាមៗ​ទៅតាម​នី​ធី​វិធី​ច្បាប់ និង​ពិន័យ​ទៅតាម​នីតិវិធី​ផងដែរ​៕​.mara