​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត តែងតែ​ញុះញង់​ឱ្យមាន​អំពើ​ហិង្សា​និង​បាន​បញ្ជា​ឱ្យ​ប៉ូលិស​បាញ់សម្លាប់​ជនសង្ស័យ​ក្នុង​សង្គ្រាម​គ្រឿងញៀន ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​និយាយថា លោក​ទំនងជា​មិន​អាច​ប្រឈម​នឹង​ការចោទប្រកាន់​ទេ បន្ទាប់ពី​លោក​ចុះចេញ​ពី​តំណែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០ មិថុនា​។​

​គោលនយោបាយ​ដ៏​សំខាន់​របស់​លោក​ឌុយ​ទែត​ក្នុង​ការលុបបំបាត់គ្រឿ​ងញៀន​ចេញពី​ប្រទេស ត្រូវបាន​ថ្កោលទោស​យ៉ាង​ទូលំទូលាយ​និង​ជំរុញ​ឱ្យ​មាន​ការស៊ើបអង្កេត​អន្តរជាតិ​មួយ​ទៅ​លើ​លទ្ធភាព​នៃ​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។​ប៉ុន្តែ​បុរស​អាយុ ៧៧ ឆ្នាំ​រូប​នេះ​នៅតែ​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែល​គាំទ្រ​ដំណោះស្រាយ​រហ័ស​របស់គាត់​ចំពោះ​​ឧក្រិដ្ឋកម្ម​នានា ហើយ​គាត់​នៅតែ​ជា​កម្លាំង​នយោបាយ​ដ៏​មាន​ឥទ្ធិពល​។​

ឌុយ​ទែត នឹងចុះចេញពីតំណែងនៅពីរថ្ងៃទៀត

​ក្រុមអ្នកវិភាគ​បាន​និយាយថា លទ្ធផល​បោះឆ្នោត​កាលពី​ខែ​មុន​បាន​ពង្រឹង​ការការពារ​របស់លោក​ឌុយ​ទែត​ប្រឆាំង​នឹង​លទ្ធភា​ពកា​ត់​ទោស បន្ទាប់ពី​លោក​ចាក​ចេញពី​តំណែង​។​

​លោក ហ្វ​រ​ឌី​ណង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr) កូនប្រុស​របស់​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​នេះ បានឈ្នះ​តំណែង​ប្រធានាធិបតី​បន្ទាប់ពី​បាន​ចង​សម្ពន្ធភាព​ដ៏​មាន​ឥទ្ធិពល​ជាមួយ​​កូនស្រី​របស់​លោក​ឌុយ​ទែត គឺ​លោកស្រី​សា​រ៉ា (Sara)​ដែល​បាន​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​។​

​លោក​ម៉ាកូស​បាន​គាំទ្រ​សង្គ្រាម​គ្រឿងញៀន​របស់​លោក​ឌុយ​ទែត ហើយ​បាន​បង្ហាញ​តម្រុយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​សហការ​ជាមួយ​ការស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លើ​ការសម្លាប់​នេះ​ទេ​។​

​លោក ហ្គ្រេ​ក វីយ៉ា​ត (Greg Wyatt) នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ផ្នែក​ធុរកិច្ច​នៅ​ក្រុមហ៊ុន PSA Philippines Consultancy បាន​និយាយថា​”​ការបោះឆ្នោត​នេះ​បាន​សម្រេច​ជា​មូល​​ដ្ឋា​ន​ថា​នឹង​មិន​មាន​ការស៊ើបអង្កេត​អី​ណាស់ណា​ទេ​ទៅលើ​តួនាទី​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត នៅក្នុង​សង្គ្រាម​គ្រឿងញៀន​សម្រាប់​រយៈពេល​ប្រាំ​មួយឆ្នាំ​ខាងមុខ​”​។​

​លោក​ឌុយ​ទែតបាន​និយាយ​ការពា​រការ​បង្ក្រាប​នេះ ដែល​ក្នុងនោះ​លោក​បាន​ប្រាប់​មន្ត្រីប៉ូលិស​ឱ្យ​បាញ់សម្លាប់​ជនសង្ស័យ​គ្រឿងញៀន ប្រសិនបើ​ជីវិត​របស់​ពួកគេ​មាន​គ្រោះថ្នាក់ ដោយ​និយាយថា​វា​បាន​​ជួយសង្គ្រោះ​គ្រួសារ​ទាំងពួង​និង​ទប់ស្កាត់​ហ្វីលីពីន​កុំឱ្យ​ប្រែ​ក្លាយទៅជា “​រដ្ឋ​នយោបាយ​គ្រឿងញៀន​”​។​

​ទិន្នន័យ​របស់​រដ្ឋាភិបាល​បង្ហាញថា មនុស្ស​ជាង ៦.២០០ នាក់​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​របស់​ប៉ូលិស​ចាប់​តាំងពី​លោក​ឌុយ​ទែ​តឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១៦៕

សកម្មជន​កាន់​បដា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ពេល​ពួកគេ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​