ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ មេដឹកនាំនៃក្រុមប្រទេសអ្នកមានទាំងប្រាំពីរបានចម្អកឱ្យរូបភាពនៃសត្រូវរបស់ពួកគេគឺលោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី២៦មិថុនានៅឯកិច្ចប្រជុំមួយក្នុងប្រទេសអាល្លឺម៉ង់ដែលគ្របដណ្តប់ដោយផលនិងវិធានការនៃការលុកលុយរបស់មេដឹកនាំរុស្ស៊ីរូបនេះលើអ៊ុយក្រែន។
នៅពេលមេដឹកនាំស្លៀកពាក់ឈុតធំសមសួនទាំងនេះអង្គុយចុះសម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេនៃកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃនៅជួរភ្នំអាល់នៃតំបន់បាវ៉ារៀន (Bavarian Alps) នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានសួរថាតើអាវធំរបស់ពួកគេគួរតែដោះចេញ ឬ ពួកគេគួរតែដោះអាវបន្ថែមទៀតឬអត់។
លោកចនសុនបាននិយាយទៅកាន់មេដឹកនាំដែលកំពុងសើចដទៃទៀតថា “យើងទាំងអស់គ្នាត្រូវតែបង្ហាញថា យើងតឹងប៉ឹងជាងពូទីន”។
នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau)បាននិយាយបាញ់ទៅវិញថា “តោះជិះសេះព្រលែងដើមទ្រូង”។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ដឺឡេន (Ursula von der Leyen) បាននិយាយថា “អូចា៎! ការជិះសេះគឺល្អបំផុត”។
លោកពូទីន ដែលចូលចិត្តចាយរាងក្នុងរូបថតបែបកីឡារបស់គាត់ ត្រូវបានគេថតរូបដោយដោះអាវជាច្រើនលើកនៅក្នុងរូបថត ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីរួមទាំងឈុតមួយដែលគាត់ជិះសេះពណ៌ត្នោត ពាក់វ៉ែនតាខ្មៅ ខ្សែកមាស និងស្លៀកខោទាហាន៕
ក្រុមមេដឹកនាំ G7 ចម្អកលេងសើចរឿងពូទីនព្រលែងដើមទ្រូងជិះលើខ្នងសេះ បង្អួតរាងមាំទាំរបស់គាត់