ដោយៈ ប​.​ខុន / ភ្នំពេញៈ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ អនុវត្តបាន លទ្ធផល ៤៤ ភាគរយ នៃ​គម្រោង​ទាំងមូល​។ គម្រោង​នេះ នឹង​រួចរាល់ នៅក្នុង​ឆ្នាំ​២០២៣ ជា គម្រោង បន្ទាប់ពី​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ និង​ទី​២ បាន​សាងសង់​រួច និង​ដំណើរការ ដើម្បី​បញ្ឈប់​ការបង្ហូរ​ទឹក​កខ្វក់ ចូលទៅក្នុង​តំបន់ឆ្នេរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ស្ថិតនៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មកដល់ពេលនេះ (២៨​មិថុនា​) អនុវត្តបាន​លទ្ធផល​ប្រមាណ​ជា ៤៤ ភាគរយ នៃ​គម្រោង​ទាំងមូល​ហើយ ។ គម្រោង​ដែល​បានចាប់ផ្តើម​អនុវត្ត កាលពីដើម​ឆ្នាំនេះ គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣​។​

​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ មាន​ទីតាំងនៅ​អូរ​ពយ​ឈើទាល​នេះ មាន​សមត្ថភាព​ចម្រោះ ទឹក​កខ្វក់ បាន ២ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ បានចាប់ផ្តើម បន្ទាប់ពី​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ និង​ទី​២ បាន​សាងសង់​រួច និង​ដាក់ឱ្យ​ដំណើរការ ក្រោម​ស្តង់ដារ​ក្រសួងបរិស្ថាន ដែល​បាន​អនុញ្ញាតឱ្យ​ទឹក ដែល​ចម្រោះ​បង្ហូរ​ចូល​សមុទ្រ ដែលមាន​សុវត្ថិភាព ដល់​ជីវចម្រុះ ក្រោម​បាតសមុទ្រ​។

​ទឹក​កខ្វក់​របស់​ទីក្រុង កាលពីមុន ត្រូវបាន​គេ​បង្ហូរ​ចូលទៅ​ដល់​តំបន់ឆ្នេរ តាម​ប្រឡាយ និង​អូរ​ធម្មជាតិ តែ​បច្ចុប្បន្ន មួយ​ភាគ​ធំ បាន​ហូរ​ចូលទៅ​កាន់​អាង​ស្តុក (១៦ ហិកតា​) ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ជាមុនសិន មុននឹង​ហូរ​ធ្លាក់ចូល​ទៅដល់​តំបន់ឆ្នេរ​សមុទ្រ​។ ទឹក​កខ្វក់ ក្រោយ​ពេលធ្វើ​ប្រព្រឹត្តិកម្ម​រួច ក្លាយជា​ទឹក ដែល​ធ្វើឱ្យ​ត្រី​រស់នៅ​បាន​។​

​គម្រោង​ខាងលើនេះ បង្កើតឡើង ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលជា​ឆ្នេរ​ជាប់​លេខ​១ ល្អ​ដាច់​គេ នៅលើ​ពិភពលោក​៕/V​