​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ មនុស្ស​ប្រុស​ស្រី បីនាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ កាលពី​រសៀល ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ពីបទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​, ក្លែង​អត្តសញ្ញាណ​បុគ្គល លើ​អត្តសញ្ញាណប័ណ្ណ​, ឆបោក​ជា​ប្រព័ន្ធ និង​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ធនាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ មនុស្ស​ប្រុស​ស្រី​ទាំង បីនាក់​នោះ មានៈ ១-​ឈ្មោះ សង វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​៦A ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ជុំ ឆេង​លី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិ​ដើម​ឫស ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ៣-​ឈ្មោះ អុល មិថុនា ភេទ​ស្រី អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់ទួល ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ មនុស្ស​ប្រុស​ស្រី​ទាំង បីនាក់​នេះ មានមុខ​របរ​មិន​ពិតប្រាកដ ដូចគ្នា​។ជនសង្ស័យ​ទាំង បីនាក់ ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​មេធាវី​ម្នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ ក្រោមរូបភាព យកទៅ​ឆបោក ប្រាក់​ពី​ធនាគារឯកជន​មួយ មាន​ទឹកប្រាក់​ប្រមាណ ៣៥.០០០ ដុល្លារ អាម៉េរិក ។​

​អង្គហេតុ​នៃ​ពាក្យបណ្តឹង បានបញ្ជាក់​ថាៈ នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ ជនសង្ស័យ ទាំងបី​នាក់ តាមរយៈ​ការប្រើប្រាស់​អត្តសញ្ញាណ​ក្លែង​, ក្លែងឯក​សាធារណៈ ក្លែង​អត្តសញ្ញាណ​បុគ្គល លើ​អត្តសញ្ញាណប័ណ្ណ ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី និង​ជាម​នុស្ស នៅក្នុង​អត្តសញ្ញាណប័ណ្ណ ខាងលើ ពិតប្រាកដ ដែល​ធ្វើឱ្យ​ធនាគារឯកជន សាខា​បឹង​កេងកង ជឿទុកចិត្ត​ប្រគល់​ប្រាក់​ឱ្យ ចំនួន ១៥.០០០ ដុល្លារ​អាម៉េរិក ។​

​លុះ​មកដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង បីនាក់​ដដែល បាន​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ទៅ​ឆបោក​ធនាគារឯកជន សាខា​ខណ្ឌដូនពេញ​ដកយក​ប្រាក់​ប្រមាណ ២០.០០០ ដុល្លារ​អាម៉េរិក និង​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង បីនាក់ បាន​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ក្លែង​អត្តសញ្ញាណ​បុគ្គល លើ​អត្តសញ្ញាណប័ណ្ណ ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដី បាន​ទៅ​ដាក់ សំណើសុំ​ខ្ចីប្រាក់​ចំនួន ៩០.០០០ ដុល្លារ​អាម៉េរិក ពី​ធនាគារឯកជន សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ម្តងទៀត ប៉ុន្តែ​លើក​នេះ ពួកគេ​ក៏ត្រូវ​អស់លក្ខណ៍ ដោយ​ខាង​ធនាគារ បាន​ប្រើប្រាស់​សិទ្ធិ ពឹងពាក់​មេធាវី​ការពារ​ក្តី ប្តឹង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឱ្យ​ចាប់ខ្លួន​បុគ្គល​ទាំង បីនាក់ ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​តាម​ការ​ស្តាប់​ចម្លើយ​របស់ ជនសង្ស័យ ទាំងបី​នាក់ បាន​សារភាព​ប្រហាក់ប្រហែលគ្នា​ថា ពួកគេ​ពិតជា​បាន ធ្វើ​សកម្មភាព​ឆបោក យកប្រាក់​ពី​ធនាគារឯកជន​នោះ ប្រាកដ​មែន តាម​រូបភាព​ប្រើប្រាស់​ឯកសារ​ក្លែង​ទាំងអស់​។​

​សំណុំរឿង​ជនសង្ស័យ ទាំងបី​នាក់ ស្ថិតនៅ​ដំណាក់​ស្ថាប័ន​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ក្រោយពី​សួរ​ចប់ ពួកគេ​ទំនង​មិនអាច​គេចផុត ពី​ការឃុំខ្លួន ដាក់​ពន្ធ​គារ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការកាត់ក្តី ទៅតាម​បទល្មើស ដែល​ពួកគេ បាន​ប្រព្រឹត្ត ៕/V​