​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សំណង់​អាគារ​មនុស្ស​រស់នៅ​ដ៏​ទ្រុឌទ្រោម​មួយ​នៅក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​និង​កម្សាន្ត​មុំ​បៃ​(Mumbai)​របស់​ឥណ្ឌា​បានរ​លំបាក់​ស្លាប់​មនុស្ស​យ៉ាង​តិច​បី​នាក់​និង​របួស​១១​នាក់​ទៀត នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ពួក​មន្ត្រី​កាលពីថ្ងៃ​អង្គារ​។​

​អាគារ​កំពស់​៤​ជាន់​បានរ​លំបាក់​កាលពី​យប់​ថ្ងៃ​ចន្ទ​នៅក្នុង​តំបន់​ខួរ​ឡា​(Kurla)​ក្នុង​ក្រុង​មុំ​បៃ​។​អ្នក​ជួយ​សង្គ្រោះ​រាប់សិប​នាក់​បាន​កាយ​គំនរ​ថ្ម​ដើម្បី​រក​អ្នក​នៅ​ជាប់​ក្នុង​គំនរ​អាគារដែលបាក់។​

​បណ្តា​ទូរទស្សន៍​ក្នុងស្រុក​បាន​បង្ហាញ​អ្នកស្រុក​ចូលរួម​ជាមួយ​បុគ្គលិក​អគ្គិភ័យ​និង​ប៉ូលិស​ក្នុង​ការជួយ​សង្គ្រោះ​មនុស្សចេញពី​គំនរ​អាគារ​បាក់​និង​នាំ​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ​។​

​អា​ឌី​តយ៉ា ថាច​កឺ​រ៉ា​យ​(Aaditya Thackeray)​រដ្ឋ​មន្ត្រី​បរិស្ថាន​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា​(Maharashtra)​បាន​និយាយថា គ្រួសារ​នៅ​ក្នុង​អាគារ​ទ្រុឌទ្រោម​នេះ​ត្រូវបាន​អាជ្ញាធរ​ស្នើសុំ​អោយ​រើ​ចេញ​ជា​យូរ​មក​​ហើយ តែ​ពួកគេ​បន្ត​រស់នៅ​ទីនោះ​។​

​សូមបញ្ជាក់​ថា ការ​រលំ​បាក់​អាគារ​កើតមាន​ជា​ធម្មតា​នៅក្នុង​ប្រទេស​ឥណ្ឌា​ក្នុងអំឡុង​រដូវវស្សា​ចាប់​ពី​ខែ​មិថុនា​ដល់​កញ្ញា នៅពេល​ការ​ធ្លាក់ភ្លៀង​ខ្លាំងៗ​ធ្វើអោយ​ទន់​គ្រឹះ​អាគារ​ដែល​សង់​មិន​តាម​ស្តង់ដា​​សុ​វត្ថិ​ភាព​ស្រាប់​៕

​ជនរងគ្រោះ​ត្រូវបាន​សែង​ចេញ​នៅពេល​អ្នកស្រុក​ចូលរួម​ជាមួយ​បុគ្គលិក​អគ្គិភ័យ​និង​ប៉ូលិស​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស​ចេញពី​គំនរ​អាគារ​បាក់​