ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ លោក យ៉ាស ម៉ានស៊ូក្បៃ ម៉ូរ៉ាឌីយ៉ា (Yash Mansukhbhai Moradiya) មកពីឥណ្ឌា ដែលជាគ្រូបង្ហាត់យ៉ូហ្គាមានមូលដ្ឋាននៅទីក្រុងឌូបៃបានបំបែកឯតទគ្គកម្មសម្រាប់ការហាត់ក្បាច់ខ្យាដំរីរយៈពេលយូរបំផុត។
លោកម៉ូរ៉ាឌីយ៉ាអាយុ ២១ ឆ្នាំបានទប់ក្បាច់ខ្យាដំរីរយៈពេល ២៩ នាទីនិង ៤ វិនាទីសឹងមិនគួរឱ្យជឿ ដោយបំបែកឯតទគ្គកម្មមុន ដែលមានរយៈពេល ៤ នាទីនិង ៤៧ វិនាទី។ ក្បាច់ខ្យាដំរីគឺជាក្បាច់យ៉ូហ្គាកម្រិតខ្ពស់បំផុត ដែលអ្នកត្រូវដាក់កំភួនដៃនៅលើដីនិងលើកជើងទាំងពីររបស់អ្នកចំកោងពីលើក្បាលរបស់អ្នក។
លោកម៉ូរ៉ាឌីយ៉ាបាននិយាយថា “ក្បាច់ខ្យាដំរីគឺសំខាន់លើលំនឹង។ នៅពេលដែលអ្នកទប់ជំហរនេះបានកាន់តែយូរ អ្នកនឹងរៀនបង្កើតភាពធន់ខាងផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរ”។
លោកម៉ូរ៉ាឌីយ៉ាបានត្រៀមខ្លួនប៉ុនប៉ងបំបែកឯតទគ្គកម្មនេះអស់រយៈពេលជិតពីរឆ្នាំមកហើយ ដោយប្រើពេលវេលាបន្ថែមដែលចំណាយនៅផ្ទះក្នុងអំឡុងពេលជំងឺរាតត្បាតដើម្បីពង្រឹងជំនាញរបស់គាត់។
លោកម៉ូរ៉ាឌីយ៉ាបានជ្រើសរើសកាលបរិច្ឆេទនិមិត្តរូបមួយដើម្បីធ្វើការប៉ុនប៉ងបំបែកឯតទគ្គកម្មរបស់គាត់គឺថ្ងៃអង្គារទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលពេលសរសេរក្នុងទម្រង់ជាលេខគឺ ២/២២/២២។
កើតក្នុងឆ្នាំ ២០០១ គាត់បានចាប់ផ្ដើមដំណើររបស់គាត់លើលំហាត់ប្រាណបែបយ៉ូហ្គានៅអាយុ ៨ ឆ្នាំ។
ក្នុងឆ្នាំ ២០១៧ គាត់បានរៀនបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូយ៉ូហ្គារបស់គាត់ ហើយបានជ្រើសរើសយ៉ូហ្គាជាអាជីពរបស់គាត់ ដើម្បីជួយមនុស្សដោះស្រាយបញ្ហាសុខភាពរបស់ពួកគេនិងសម្រេចបាននូវគោលដៅសម្បទារបស់ពួកគេ៕
លោក យ៉ាស ម៉ានស៊ូក្បៃ ម៉ូរ៉ាឌីយ៉ា អាចទប់ក្បាច់ខ្យាដំរីបានរហូតដល់ ២៩ នាទីនិង ៤ វិនាទីសឹងមិនគួរឱ្យជឿ