ដោយៈ សុផល / ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថាៈ ចុងសប្ដាហ៍ទី៤ នៃខែមិថុនា នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ចំនួន ៣១៨.៨៦៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៩៨.៩៤០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៩.៩២៣ នាក់។
លោកបានបន្តថាៈ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៦.៨៨៥ នាក់
ខេត្តសៀមរាប ៤៥.២១៩ នាក់ ខេត្តបាត់ដំបង ៤០.៩៥៥ នាក់ ខេត្តកំពត ៣៤.៥១៨ នាក់
ខេត្តកែប ២២.៤៥១ នាក់ រាជធានីភ្នំពេញ ១៨.៦៨៥ នាក់ ខេត្តត្បូងឃ្មុំ ១៥.៣៤៣ នាក់ ខេត្តកំពង់ស្ពឺ ១២.៨៩៥ នាក់ និងខេត្តពោធិ៍សាត់ ១២.៨៥៤ នាក់។
ជាការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមមានៈ
* ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានការថមថយបន្តិច បើប្រៀបនឹងចុងសប្តាហ៍មុន ជាក់ស្តែង តួលេខចុងសប្តាហ៍នេះ មានការថយចុះប្រមាណ ១២,៥៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។
* តាមការសង្កេតជាក់ស្តែង របស់មន្ទីរទេសចរណ៍ភ្ញៀវ ពីរាជធានីភ្នំពេញ ទៅកាន់គោលដៅ ទេសចរណ៍ តាមបណ្តាខេត្ត មិនសូវមានចំនួនច្រើន ដូចសប្តាហ៍កន្លងមកទេ។ ភ្ញៀវភាគច្រើន ជាភ្ញៀវក្នុងខេត្តខ្លួនឯង និងភ្ញៀវឆ្លងខេត្តជិតៗគ្នា។
* តាមការវាយតម្លៃបឋម ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាប ជាងពេលថ្ងៃ ឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួន ធ្វើដំណើរកម្សាន្តជិតៗ ដោយចេញដំណើរ ពីព្រឹកព្រលឹម និងត្រលប់ចូលផ្ទះល្ងាចវិញ។
* តម្លៃកញ្ចប់សេវាទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ ហាក់នៅមានតម្លៃខ្ពស់ ស្របនឹងតម្លៃ ប្រេងសាំង មានការកើនឡើង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យវិស័យឯកជន ពិភាក្សាគ្នាដាក់ចេញតម្លៃ កញ្ចប់ទស្សនកិច្ច ឲ្យបានសមរម្យ ដើម្បីទាញ់ទាញ ជំរុញចលនាទីផ្សារក្នុងស្រុក និងដើម្បីប្រកួតប្រជែង ជាមួយទីផ្សារប្រទេសជិតខាងផងដែរ៕/V