ដោយៈ សុផល / ភ្នំពេញ​: ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ដែល​គ្រោង​នឹង​រៀបចំ នៅ​ខេត្ត​ព្រះសីហនុ នា​ចុងឆ្នាំ​២០២២ ខាងមុខនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​បុណ្យ​សមុទ្រ បាន​អំពាវនាវ ដល់​ផ្នែក​ឯកជន​ទាំងអស់ ត្រូវ​រៀបចំ​ដាក់ចុះ នូវ​តម្លៃ​កញ្ចប់​ទស្សនកិច្ច ឱ្យបាន សមរម្យ និង​សមស្រប សម្រាប់​ភ្ញៀវទេសចរ អាច​ទទួលយកបាន ដើម្បី​ជាការ​ប្រកួតប្រជែង សម្រាប់​តម្លៃ​ទីផ្សារ សម្រាប់​ទាក់ទាញ ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​។​

​កិច្ចប្រជុំ​នេះ បានរៀបចំ​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ ដោយមាន​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ ពី​សំណាក់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​, លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង រួមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ជាច្រើនរូប​ទៀត​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​បុណ្យ​សមុទ្រ ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​ដាក់ចេញ​នូវ​កញ្ចប់​ទស្សនកិច្ច ក្នុងតម្លៃ​ឱ្យបាន​សមរម្យ និង​រស់​រវើក និង​បត់បែន ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ធ្វើយ៉ាងណា ទាក់ទាញ​ឱ្យបាន សម្រាប់​ភ្ញៀវទេសចរ ទាំង​ជាតិ និង​អន្តរជាតិ និង​ធ្វើយ៉ាងណា​សម្រួល​នូវ របាំង​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​។​

​លោក​រដ្ឋមន្ត្រី បានកត់សំគាល់​ដែរ​ថាៈ ឋិត​នៅក្នុង​ដំណាក់កាល ក្រោយ​កូ​វីដ ១៩​នេះ និន្នាការ​នៃ​ការធ្វើដំណើរ​កម្សាន្ត របស់​ភ្ញៀវទេសចរ គឺ​មិនមាន​ច្រើន ដូច​មុន​កូ​វីដ​នោះទេ ដោយ​កត្តា​ជីវភាព​ទាំង​ភ្ញៀវ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដូចនេះ វិស័យ​ឯកជន ជាមួយនឹង​ការកែប្រែ លើកកម្ពស់​គុណភាព​សេវា​របស់ខ្លួន ឱ្យ​ល្អ​ហើយ​នោះ សំខាន់​គឺ ត្រូវ​រៀបចំ​កញ្ចប់​សេវា​ទស្សនកិច្ច របស់ខ្លួន ឱ្យ​កាន់តែ​រស់​រវើក និង​តម្លៃ​ឱ្យបាន​សមស​ម្យ ដោយ​មើល​ទៅលើ​កត្តា​ជីវភាព និង​ការដើរ​កម្សាន្ត​របស់​ព​ល​រដ្ឋ និង​ដើម្បី​ជាការ​ប្រកួតប្រជែង ជាមួយនឹង​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​បង្ហាញ​ជំនឿ​ជាក់​ថាៈ បើសិនជា​វិស័យ​ឯកជន បានរៀបចំ​តម្លៃ ទស្សនកិច្ច បាន​ថោក​សមរម្យ ព្រម​ជាមួយនឹង​ការធ្វើដំណើរ តាម​ច្រកទ្វារ​អន្តរជាតិ ចូលមក ក្នុងប្រទេស​កម្ពុជា កាន់​តែមាន​ភាពងាយស្រួល​ផង​នោះ វិស័យ​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា និង​អាច​ទទួលបាន​ភ្ញៀវទេសចរ កាន់តែ​ច្រើនឡើង​បន្ថែមទៀត ។​

​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នឹង​រៀបចំឡើង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ស្រប​ជាមួយនឹង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត លើ​ពិភពលោក ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​៕/V​