ដោយៈ សុផល / ភ្នំពេញ: ស្ថិតក្នុងគម្រោងស្តារឡើងវិញ វិស័យកសិ-អាហារ និងទេសចរណ៍ (AFTER) របស់អង្គការ UNIDO អនុវត្តគម្រោង ដោយនាយកដ្ឋានផែនការអភិវឌ្ឍន៍ ទេសចរណ៍ និងមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងពិធីបើកវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា សម្រាប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ដែលចូលរួមពីម្ចាស់/អ្នកគ្រប់គ្រងភោជនីយដ្ឋាន អាហារដ្ឋាន ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន ៤០រូប។
តាមរយៈសិក្ខាសាលានេះ មូលដ្ឋានអាជីវកម្ម ចំនួន ៧៥ ក្នុងសេវាកម្មភោជនីយដ្ឋាន នឹងត្រូវទទួលការវាយតម្លៃនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ដើម្បីទទួលបាន ឡាបិលសុវត្ថិភាព និងទទួលបាននូវការយល់ដឹង កាន់តែច្បាស់ ស្តីពី “ការអនុវត្តនីតិវិធី ប្រតិបត្តិ ស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី” ដើម្បីរៀបចំសេវាកម្មរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរក្នុងបរិបថថ្មី ដោយអនុវត្តតាមសូចនាករ សរុបចំនួន ៥៩ ចំណុច ស្មើនឹង ៤៩០ ពិន្ទុ។
បន្ថែមពីនេះទៅទៀត អ្នកជំនាញទេសចរណ៍ ចំនួន ២៣រូប នឹងទទួលបានការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយផ្តោតលើចំណេះដឹង និងជំនាញ រួមមានៈ (១) ការងាររបស់ខ្ញុំ ក្នុងផ្នែកសេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ (២) ការប្រាស្រ័យទាក់ទង ក្នុងវិស័យបដិសណ្ឋារកិច្ច (៣) ប្រណីតភាពសេវាកម្ម (៤) សម្ភារបរិក្ខារ នៅក្នុងភោជនីយដ្ឋាន (៥) ចំណេះដឹងលើបញ្ជីមុខម្ហូប (៦) ចំណេះដឹងលើភេសជ្ជៈ (៧) ជំនាញលក់ (៨) ជំនាញផ្តល់សេវាកម្ម (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយ ក្នុងការផ្តល់សេវាកម្ម នៅក្នុងភោជនីយដ្ឋាន (១១)នីតិវិធីក្នុងភោជនីយដ្ឋាន និង (១២)អនាម័យ សន្តិសុខ និងសុវត្ថិភាព ៕/V