ដោយៈ បូកគោ / កំពត​: សមត្ថកិច្ច បាន​ស្រាវជ្រាវ រួច​ឃាត់ខ្លួន​យុវជន​ប្រាំ​នាក់ ក្រោយ​មាន​ហេតុការណ៍ កាប់​ប្រហារ​គ្នា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ បន្ទាប់ពី​បំពេញ សំណុំរឿង​រួចរាល់ នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​។​

​សមត្ថកិច្ច បាន​រៀបរាប់ថាៈ កាលពី​រសៀល​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ មាន​ក្មេងស្ទាវ​ពីរ​ក្រុម បាន​ដេញ​កាប់​គ្នា​ផ្ទូ​នៗ ជាប់​គ្នា​ពីរ​ថ្ងៃ នៅ​ចំណុច​ទំនប់​ទឹកអូរ​ច្រនៀង ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​២ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច តែ​មិនមាន​អ្នកណា រងរបួស​ឡើយ​។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ជា​លើក​ទី​ពីរ ក្រុម​មួយ ក្នុងចំណោម ក្រុមក្មេងស្ទាវ​ទាំងនោះ បាន​បន្ត​កាប់​ម៉ូតូ​នារី​ម្នាក់ បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ បន្ទាប់ពី​ភាគី​ម្ខាង បាននាំគ្នា​រត់គេច​អស់​។ ក្រោយ​កើតហេតុ ជនរងគ្រោះ បាន​ប្តឹង​សមត្ថកិច្ច ឱ្យជួយ​អន្តរាគមន៍​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ភ្លាមៗ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ រកឃើញ​វត្ថុតាង ដូចជា​កាំបិត​២​ដើម ដាវ​ដែក​១​ដើម ព្រមទាំង​កំណត់​ច្បាស់ នូវ​មុខសញ្ញា ដែល​បានធ្វើ​សកម្មភាព​ទាំងនោះ​។ លុះដល់​ថ្ងៃទី​២៧ ខែមិថុនា កម្លាំង​នគរបាល ស្រុក​កំពង់ត្រាច ក៏​ឃាត់​ជនសង្ស័យ​បាន​ប្រាំ​នាក់ បញ្ជូនមក​ស្នងការដ្ឋាន ដើម្បី​សាកសួរ​។ ចំណែក​បក្ខពួក​មួយចំនួន ដែល​បាន​រត់គេច កម្លាំង​សមត្ថកិច្ច កំពុង​តាមដាន ដើម្បី​នាំខ្លួន មក​ទទួលទោស តាមច្បាប់​។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ក្នុងករណី​ខាងលើ ជា​ក្មេងប្រុស​ទាំងអស់ រួមមាន ១.​ឈ្មោះ រ៉េត រតនៈ​គង្គា ហៅ​គា អាយុ​២០​ឆ្នាំ​។ ២. ឈ្មោះ សាន តាំង​ឡុង អាយុ​១៥​ឆ្នាំ ។ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ៣.​ឈ្មោះ ទិ​ត យុទ្ធ អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ចម្ការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ៤. ឈ្មោះ ស៊ីន ឡាយ អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ៥. ឈ្មោះ មាស ដា​រ៉ា អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដាស់ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ក្រុម​នេះ ត្រូវ​បានដាក់​ការសង្ស័យថា ជា​ក្មេង​ទំនើង និង​ធ្វើចរាចរ​អាវុធ សម្រាប់​ប្រហារ​៕/V​