ដោយៈ ជា សីហៈ / ភ្នំពេញៈ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានទទួល​ជួប​លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ វិស័យ​វប្បធម៌​កម្ពុជា​-​ជប៉ុន ។​

​ក្នុងជំនួប​ពិភាក្សា ដែល​ធ្វើ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ភាគី​ទាំងពីរ បានលើកឡើង ពី​សមិទ្ធផល​នានា ដែល​សម្រេចបាន នាពេល​កន្លងមក រួមទាំង​លើ​កិច្ចការ​សេដ្ឋកិច្ច នយោបាយ ការទូត និង​ជាពិសេស កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​វប្បធម៌ កម្ពុជា​-​ជប៉ុន ទាំង​លើ​ផ្នែក​បេតិកភណ្ឌ​រូបី និង​អរូបី ។

​សម្រាប់​កិច្ចការ​អនាគត ភាគី​ទាំងពីរ ឯកភាព​បន្ត​អនុវត្ត នូវ​រាល់​សកម្មភាព ដែល​ទទួលបាន ជោគជ័យ កន្លងមក និង​ពិនិត្យ​លទ្ធភាព​រៀបចំ ឲ្យ​មាន​ជា​សកម្មភាព​ថ្មីៗ មួយចំនួន​ថែមទៀត ដូចជា​ការរៀបចំ​ជា​កម្មវិធី​វប្បធម៌ ដើម្បី​អបអរ​ខួប​លើក​ទី​៧០ ទំនាក់ទំនង​ការទូត កម្ពុជា​-​ជប៉ុន ការរៀបចំ​ឲ្យ​មានការ​សម្តែង​សិល្បៈ​រួមគ្នា និង​សកម្មភាព​អភិរក្ស និង​ជួសជុល​ប្រាសាទ​នានា នៅក្នុង​តំបន់​អង្គរ​៕/V​