​ដោយ​៖ ដេប៉ូ / សៀមរាប​៖ គម្រោង​និរន្តរភាព តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ​ទស្សនកិច្ច ស្វែងយល់​ផលិតផល និង​សេវាកម្ម ទេសចរណ៍ធម្មជាតិ នៅ​តំបន់​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ” ភ្នំ​គូលែន និង​បឹង​ទន្លេសាប ” ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។​

​សម្រាប់​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មាន​អ្នកចូលរួម ៤៨ នាក់ រួមមាន ថ្នាក់ដឹកនាំ​គម្រោង ក្រុមការងារ​អនុវត្តន៍​គម្រោង និង​ក្រុមការងារ​ធនាគារពិភពលោក​។​

​គួរ​បញ្ជាក់ថា ការបំពេញ​ទស្សនកិច្ច​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។ សម្រាប់​គោលបំណង​សំខាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មានដូចជាៈ ១)​បង្ហាញ​ពី​វឌ្ឍនភាព និង​ផែនការ​សកម្មភាព​គម្រោង – ២)​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង លើ​អនុសាសន៍​នានា ដែលជា​លទ្ធផល នៃ​ការសិក្សា​រៀបចំ​ចក្ខុវិស័យ និង​ផែនការ​វិនិយោគ អេកូ​ទេសចរណ៍ ៣)​បង្ហាញ​សក្តានុពល សម្រាប់​ការវិនិយោគ​អេកូ​ទេសចរណ៍ ប្រកបដោយ និរន្តរភាព និង​៤)​ស្វែងយល់​ពី​ជីវភាព​រស់នៅ របស់​ប្រជា​សហគមន៍ នៅ​តំបន់​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ” ភ្នំ​គូលែន ” និង​បឹង​ទន្លេសាប ។​

​ជាមួយគ្នានេះ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក៏មាន​គោលបំណង​សំខាន់ៗ មួយចំនួនទៀត ដូចជាៈ បង្ហាញជូន​ថ្នាក់ដឹកនាំ និង​ក្រុមការងារ អនុវត្តន៍​គម្រោង ក៏ដូចជា ក្រុមការងារ​ធនាគារ ពិភពលោក នូវ​វឌ្ឍនភាព​គម្រោង សក្តានុពល​គាំទ្រ សកម្មភាព​អេកូ​ទេសចរណ៍ និង​កន្លែង ទាក់ទាញ​ទេសចរណ៍​ផ្សេងទៀត ដែល​រកឃើញ​ក្នុង​តំបន់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់ ជា​យុទ្ធសាស្ត្រ ដែលជា​កត្តា​រួមផ្សំ​សំខាន់ ក្នុង​ការរៀបចំ​ចក្ខុវិស័យ និង​ផែនការ​វិនិយោគ អេកូ​ទេសចរណ៍ នៅក្នុង​ឧទ្យាន​ជាតិ និង​តំបន់​បឹង​ទន្លេសាប​។​

​ក្រៅពីនេះ ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព និង​ផែនការ​សកម្មភាព​គម្រោង ក្នុង​តំបន់​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន នរោត្តម “​ភ្នំ​គូលែន​” និង​តំបន់​បឋម​នី​យ​ដ្ឋា​ន ជីវៈ​មណ្ឌល​បឹង​ទន្លេសាប ដើម្បី​បង្ហាញ​ពី​តំបន់​ល្អ​ដាច់​គេ នៃ​តំបន់​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ”​ភ្នំ​គូលែន​” និង​តំបន់​បឋម​នី​យ​ដ្ឋា​ន​ជីវៈ មណ្ឌល​បឹង​ទន្លេសាប ដើម្បី​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង លើ​អនុសាសន៍​នានា ដែលជា​លទ្ធផល នៃ​ការសិក្សា​រៀបចំ ចក្ខុវិស័យ និង​ផែនការ​វិនិយោគ អេកូ​ទេសចរណ៍ ក្នុង​ឧទ្យាន​ជាតិ ដើម្បី​លើក​ជា​សកម្មភាព អនុវត្តន៍​គម្រោង ដើម្បី​ណែនាំ​ពី​កញ្ចប់​ផលិតផល ដែល​ផ្ដល់ជូន នៅក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​បឋម​នី​យ​ដ្ឋា​ន​ជីវៈ មណ្ឌល​បឹង​ទន្លេសាប រួមទាំង​ផលិតផល សេវាកម្ម​របស់ សហគមន៍ និង​វិស័យ​ឯកជន ដើម្បី​បង្ហាញ​សក្តានុពល សម្រាប់​ការវិនិយោគ​អេកូ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព នៅក្នុង​តំបន់ និង​ការចូលរួម​របស់​សហ​គម​ន៍ លើ​ការងារ​អភិរក្ស គម្រោង មាន​វិសាលភាព​គាំទ្រ ដល់​ការគ្រប់គ្រង​ធនធានធម្មជាតិ លើ​ផ្ទៃដី​ប្រមាណ​ជាង ៣,៨ លាន​ហិកតា ក្នុង​តំបន់ការពារធម្មជាតិ ចំនួន ១៤ និង​ខេត្ត​គោលដៅ ចំនួន​៧ រួមមានៈ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​។​

​សូមបញ្ជាក់ថា សម្រាប់​គម្រោង​អនុវត្ត ក្នុង​តំបន់ការពារធម្មជាតិ គោលដៅ​ចំនួន​១៤ រួមមានៈ តំបន់​បឋម​នី​យ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​ភ្នំ ឱ​រ៉ា​ល់ ដែនជម្រកសត្វព្រៃ​តា​តៃ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ខាងត្បូង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ និង​តំបន់​ការពារ​ចំនួន​៧ ផ្សេងទៀត ដែល​នៅក្បែរ​តំបន់​ទាំងនោះ មាន​ជាអាទិ៍ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​- ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុស​មៈ​“ គិរី​រម្យ ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដែនជម្រកសត្វព្រៃ ពាម​ក្រសោប និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត និង​កោះ​កាពិ ៕/V