ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ទេសកាល
(ទេស-កាល)
នាមសព្ទ
( បា. ទេស+កាល ) កាលសម័យរបស់ប្រទេស ឬកាលដែលនិយមទៅតាមប្រទេស ។
កាលដែលប្លែក; ពុំជួរកាល គឺកាលសម័យដែលបណ្ដាលឲ្យកើតមានហេតុឬអ្វីឡើងខុសពីធម្មតា
កំពុងនៅសុខៗ មិនដឹងជាទេសកាលអ្វី ស្រាប់តែមកនាំបណ្ដាលឲ្យកំពូលចេតិយ រលំបាក់ខ្ទេចខ្ទីអស់ ។
បញ្ចុះ
កិរិយាសព្ទ
ធ្វើឲ្យចុះ ។ បញ្ចុះកំពង់ ដាក់ប្រដាប់បន្លុងប្រគេនភិក្ខុសង្ឃ ជាកិច្ចឧទ្ទិសផលបុណ្យបញ្ជូនទៅបុគ្គលដែលទើបធ្វើមរណកាលថ្មីៗ ( ពាក្យសាមញ្ញ, ពាក្យរាបសាហៅថា ប្លុង; ធ្វើតាមប្រពៃណីរបស់ប្រទេស ); បរិភោគច្រើនហើយថែមទាំងយឺតយូរក្រឈប់ក្រលែង មិនចេះអស់មិនចេះហើយ :
ចុះវាបញ្ចុះកំពង់ដល់ណាទៀត? (ព. ទ្រ. ម.) ។
បញ្ចុះជ្រំ ដាក់អ្វីៗច្រើនមុខលាយឡំគ្នា ។ បញ្ចុះដន្លាប់ សូត្រសែកមន្តអាគម ប្រសិទ្ធីក្រមួនមាត់ក្នុងដន្លាប់ ( តាមទម្លាប់អ្នកដែលជឿ ) ។ បញ្ចុះដំណាប់ ដាក់បន្លួញក្នុងដំណាប់ ។ បញ្ចុះធាតុ ដាក់អដ្ឋិធាតុក្នុងចេតិយឬក្នុងផែនដី ។ បញ្ចុះតម្លៃ គិតឬដាក់តម្លៃឲ្យថយចុះតិចជាងមុន ។ បញ្ចុះបញ្ចូល និយាយណែនាំពន្យល់ឲ្យចុះចូល ។ បញ្ចុះសីមា ចងសីមាដោយមាននិមិត្តកំណត់ព្រំដែន សម្រាប់ភិក្ខុសង្ឃធ្វើសង្ឃកម្មផ្សេងៗ តាមវិន័យព្រះពុទ្ធសាសនា។ ល ។
ភ្នំខ្សាច់
នាមសព្ទ
គំនរខ្សាច់ដែលគេជញ្ជូនយកមកចាក់គរក-ពូនឲ្យខ្ពស់ជាងដីធម្មតា សម្អិតសម្អាងឲ្យមានសណ្ឋានជ្រលមដូចរាងចេតិយឬដូចកូនភ្នំ នៅក្នុងបរិវេណនៃព្រះវិហារ ឬក្រោមដើមពោធិព្រឹក្សជាដើម, តាមប្រពៃណីពីបុរាណ ច្រើនតែធ្វើក្នុងរដូវចូលឆ្នាំថ្មី
ពូនភ្នំខ្សាច់, ឆ្លងភ្នំខ្សាច់ ( ម. ព. ពាលុកចេតិយ ឬ វាលុកចេតិយ ផង ) ។
រាជាយតនៈ
(—យៈតៈន៉ៈ)
នាមសព្ទ
( បា. រាជាយតន; សំ. រាជាទន ) ដើមកែស ( ហៅ រាជាយតនព្រឹក្ស ក៏បាន ) ។ កាលដែលព្រះសក្យមុនីគោតមទ្រង់បានត្រាស់ ៤២ ថ្ងៃហើយ ស្ដេចទៅគង់ក្នុងម្លប់រាជាយតនៈមួយដើមអស់ ៧ ថ្ងៃ, ទីនោះហៅ រាជាយតនចេតិយ ជាប់ដរាបមកដល់សព្វថ្ងៃនេះ ( ម. ព. សត្តមហាឋាន ផង ) ។
រុក្ខ
(រុក-ខៈ)
នាមសព្ទ
( បា.; សំ. វ្ឫក្ស ) ឈើ ។ ប្រើជាបទសមាស, ដូចជា
រុក្ខចេតិយ ដើមឈើដែលមានគេគោរពរាប់អានថាជារបស់ស័ក្ដិសិទ្ធិ ។ រុក្ខច្ឆាយា ម្លប់ឈើ ។ រុក្ខជាតិ ជាតិឈើ, ឈើគ្រប់យ៉ាង ។
រុក្ខទេវតា ទេវតាដែលអាស្រ័យនៅនាដើមឈើ ។ រុក្ខប្បទេស ( រុក-ខ័ប-ប៉ៈ— ) ព្រៃ, ដងព្រៃ ។ រុក្ខផល ផ្លែឈើ ។ រុក្ខផលាផល ផ្លែឈើតូចធំ ។ រុក្ខមូល ទីប្របដើមឈើ ។ រុក្ខមូលិក អ្នកកាន់ធុតង្គមួយប្រភេទ តមមិននៅក្នុងទីប្រក់ទីបាំង ត្រូវនៅអាស្រ័យតែក្នុងម្លប់ឈើ ( ព. ពុ. ) ។ រុក្ខវិថី ថ្នល់ទូលាយក្នុងទីក្រុង ដែលមានដើមឈើ រៀងជាជួរហូរហែអមតាមចិញ្ចើមផ្លូវ ( ប៉ុន្តែទីទៃពីមហាវិថីនិងវិថីឯទៀត )។ រុក្ខសាខា មែកឈើ ។ រុក្ខាវយវៈ ( បា. < រុក្ខ + អវយវ ) អវយវៈរបស់ឈើ ( មានមែក, សន្លឹកជាដើម ) ។ ល ។