ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សាង
កិរិយាសព្ទ
ក, ធ្វើ, សង់ ឲ្យកើតឡើង ( ចំពោះការកុសល )
សាងព្រះពុទ្ធរូប, សាងគម្ពីរព្រះត្រៃបិដក, សាងចេតិយ, សាងសាលា ។
សាងសង់ សង់សម្អិតសម្អាងឲ្យបានកើតឡើងជាការកុសល ។ សាងសូម សាងហើយប្រាថ្នាថាសូមឲ្យបានសម្រេចតាមបំណង ។
នាមសព្ទ
នេសាទុបករណ៍មួយប្រភេទ មានផ្លែ ៥ឬ៦ បែកជាចង្វែកក្រញាង ធ្វើដោយឫស្សីឬដែក មានដងវែងសម្រាប់ចាក់ត្រីតូចៗ ឲ្យត្បៀតជាប់ក្នុងចង្វែកផ្លែ ។ ប្រដាប់ធ្វើដោយឫស្សី មានសណ្ឋានដូចជាសាង សម្រាប់ដោតអំពៅដែលកាត់ជាកង់ខ្លីៗ
ធ្វើសាងដោតអំពៅ, អំពៅមួយសាង ។
ស្តូប
(ជើង ត)
នាមសព្ទ
( សំ.; បា. ថូប ) គំនរឬពំនូកដីជាដើមដែលមានប៉ែកខាងលើខ្ពស់ស្រួច ។
ចេតិយតូចទាបដែលមានរាងស្រដៀងនឹងសណ្ឋានអកកំបោរឬសណ្ឋានចេតិយខ្សាច់ ( ប្រើជា ស្តូបៈ ក៏បាន, អ. ថ. —ប៉ៈ; ខ្មែរច្រើនហៅក្លាយជា សថូប ) ។
ស្អាង
កិរិយាសព្ទ
តែងគ្រឿងសម្អាង; តាក់តែងឲ្យសមគ្រឿងប្រដាប់
ស្អាងខ្លួន, ស្អាងល្ខោន, ស្អាងចេតិយ ។
ស្អាងចិត្តជាថ្មី ( ព. ប្រ. ) ទូន្មានប្រដៅចិត្តឡើងជាថ្មីឲ្យប្រព្រឹត្តតាមធម៌តាមច្បាប់ ( ដែលទុកដូចជាគ្រឿងសម្អាង ) ។ ស្អាងស្អាត តាក់តែងគ្រឿងប្រដាប់ឲ្យស្អាតល្អ ។
គុណសព្ទ
ដែលតាក់តែងគ្រឿងប្រដាប់ស្អាតល្អឥតឆ្គង ( ព. កា. )
ប្រាសាទស្អាងស្អាត សម្រាប់ព្រះបាទ បរមបពិត្រ ស្ដេចគង់ប្រក្រតី ក្សត្រថ្លៃទ្រង់ឫទ្ធិ ទ្រង់កាន់ទសពិធ ប្រព្រឹត្តទៀងទាត់ ។
អឌ្ឍចន្ទ
(អ័ត-ឍៈច័ន)
នាមសព្ទ
( បា.; សំ. អធ៌ + ចន្ទ្រ ) ព្រះចន្ទ្រពាក់កណ្ដាលវង់ ឬព្រះចន្ទ្រកន្លះភាគ ។
ព. ប្រ. ស្នាមគំនូស, ស្នាមចម្លាក់ឬអ្វីៗដែលមានសណ្ឋានដូចព្រះចន្ទ្រកន្លះភាគ; ( ប្រើដូចជា គុ. ក៏បាន )
គំនូសអឌ្ឍចន្ទ, សណ្ឋានអឌ្ឍចន្ទ ។
ជណ្ដើរមានសណ្ឋានកាំដូចព្រះចន្ទកន្លះភាគ
អឌ្ឍចន្ទប្រាសាទ, អឌ្ឍចន្ទខឿនចេតិយ ( រ. ស. ប្រើក្លាយតាមរជ្ជសម័យ, សូម្បីជណ្ដើរប្រាសាទឬដំណាក់ក្សត្រិយ៍ ដែលមានសណ្ឋានមិនដូចព្រះចន្ទកន្លះភាគទេក៏ហៅ អឌ្ឍចន្ទ ដែរ ) ។
អនុស្សាវរីយ
(អៈនុស-សា-វ៉ៈ-រី)
នាមសព្ទ
( បា. សំ. ) ពាក្យសន្មតហៅចេតិយដ្ឋាន ដែលសាងទុកជាទីរឭកដល់ហេតុ ឬរឿង ឬក៏បុគ្គលដែលពុំគួរបំភ្លេចចោល
រឿងនេះអស្ចារ្យណាស់ គួរសាងអនុស្សាវរីយទុកក្នុងទីណាមួយ ។
ការដែលគួររលឹកនឹកឃើញ មានអនុស្សាវរីយ៍ចងចាំ នៅក្នុងចិត្តឥតភ្លេច;
វត្ថុជាអំណោយដែលទុកជាទីរលឹក
ខ្ញុំជូនចិញ្ចៀនមួយវង់នេះទុកជាអនុស្សាវរីយ៍ ។