ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រ៉ាំងណុក
នាមសព្ទ
( ស. រ័ងនក អ. ថ. រ៉័ងន៉ុក “សំបុកសត្វបក្សី” ) សំបុកសត្វត្រចៀកកាំដែលប្រឡាក់កំហាកវា, សម្រាប់ប្រើជាថ្នាំត្រជាក់ ឬ ប្រើជាអាហារសម្រាប់មនុស្សឈឺធ្ងន់ជួយឲ្យមានកម្លាំង ( សរសេរជា រ៉ាំង— ក៏បាន ប៉ុន្តែទើសទែងនឹងមូសិកទន្ត ។ ម. ព. ត្រចៀកកាំ និង នាងនក់ ផង ) ។
ស្រមាមប៉ាក
(—ម៉ាម—)
គុណសព្ទ
ដែលប្រឡាក់ស្រមាមប្រតាក
ពុកមាត់ប្រឡាក់ស្រមាមប៉ាក, រោមប្រឡាក់ស្រមាមប៉ាក ។
រួម
កិរិយាសព្ទ
ផ្សំបញ្ចូលគ្នា; ចូលគ្នា; ប្រមូលឲ្យមូលគ្នា; មូលមួយនឹងគ្នា
រួមសេចក្ដី; ដាក់រួមគ្នា, ធ្វើការរួមគ្នា ។
រួមគំនិត, រួមចិត្ត ចូលគំនិតគ្នា ។ រួមដៃគ្នា ចូលដៃគ្នា ។ រួមដំណេក, រួមដំណេកបង្គុយ, រួមបវេណី ធ្វើមេថុនសេវនៈ ។ រួមរ័ក ( ស. រ្វ់មរ័ក អ. ថ. រួមរ៉ាក់ “រួមស្រឡាញ់” ) រួមសេចក្ដីស្រឡាញ់ គឺរួមស្នេហារបស់បុរសស្ត្រី ។ រួមរក្ស ឬ —រក្សា រួមគ្នារក្សា, ជួយរក្សាគ្នា ។ រួមសុខទុក្ខ រួមចិត្តគំនិតទទួលសុខទុក្ខផងគ្នា ( ច្រើននិយាយតែពីស្វាមីភរិយា ); ប្រើសំដៅសេចក្ដីថា “រួមបវេណី” ក៏មាន ។ រួមសំវាស ( —ស័ងវ៉ាស ) រួមលំនៅ, រួមកិច្ចការ; រួមសង្ឃកម្ម ( សម្រាប់បព្វជិត ); នៅរួមគ្នា ( របស់ស្វាមីភរិយា ); រួមបវេណី ។ រួមស្នេហា ស្រឡាញ់គ្នាស្មើចិត្ត ( របស់បុរសស្ត្រី ) ។ ល ។
រ៉ា
កិរិយាសព្ទ
អេះ; ហ្ន៎ះ ! ឬ ណា៎ !; ចុះ ភ្លាម; … ។ ទៅរ៉ា ទៅអេះ ! : បើមានច្រើនទៅរ៉ា ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ ! : ហៃកូនមាសម្ដាយ មកអាយឆាប់រ៉ា មកបៅហើយបា ដេកទៅកុំយំ ។ មកអាយរ៉ា មកអាយហ្ន៎ះ! ឬមកអាយភ្លាម : ហៃមាសកែវពិសី ចូរប្អូនស្រីមកអាយរ៉ា បង្អង់យូរដល់ណា ឲ្យបងកើតទុក្ខព្រួយម្នេញ ។ មើលរ៉ា មើលចុះ : ដើមព្រីងដុះអមដើមព្រូស ជិតដើមជន្លូស ប្អូនអើយមើលរ៉ា ។ សិនរ៉ា សិនណា៎ ! ឬ សិនទៅ ! : ហៃប្អូនពិសី សូមឲ្យបងខ្ចី ស្បៃនាងសិនរ៉ា ជាទីរឭក នឹកដល់កនិដ្ឋា ទោះបីម្ដេចម្ដា ចូរឲ្យកុំខាន ។ អឺយរ៉ា ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀង តាមទំនងដែលគួរប្រកប, ដូចជា : ស្រីអើយអឺយរ៉ាឱប្អូនស្រី ហេតុអ្វីអឺយរ៉ាក៏ស្អប់បង បើទុកអឺយរ៉ាជាមានហ្មង ខុសម្ដងអឺយរ៉ាគួរលើកចោល; . . . ( ហៅថា កាព្យ អឺយរ៉ា ឬ ទំនុកអឺយរ៉ា ត្រូវដាក់ពាក្យ អឺយរ៉ា ត្រង់កន្លែងបន្ទាប់ពាក្យទី ២ ឲ្យមានរាល់ឃ្លា ) ។ ល ។
អាមោទ
(—មោទៈ)
នាមសព្ទ
(សំ. បា. អាមោទ) សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់ ។
ប្រើជា គុ. ផងក៏បាន “ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ” ។
អាមោទកថា ឬ —វាចា, —វាទ សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅ ដោយមានសេចក្ដីរីករាយ ឬដោយមានអំណរខ្លាំង ។ (ព. កា. ) : អាមោទវាទញាតិរីករាយ ស្រស់ស្រាយសប្បាយទាំងអស់គ្នា ជាភាពឲ្យមានសមគ្គា ដែលជាប្រភពសាមគ្គី ។
អាមោទគន្ធ (—គ័ន ឬ គន់,— គន់-ធ) ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ ។ អាមោទបុស្ប (—បុស) ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ ។ អាមោទភាព ភាពឬដំណើរនៃអាមោទៈ ។ អាមោទរស (—រស់) រសនៃអាមោទៈ ។ ល ។