ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងសារសម្លេង នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ និងការយល់ព្រមដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ បានចេញសេចក្ដីជូនព័ត៌មាន និងការក្រើនរំលឹក ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដល់សាធារណជនថា បច្ចុប្បន្ននេះ គ.វ.ក-១៩ កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជាបន្ត បន្ទាប់ ដែលការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ នៅតែជាឧបករណ៍មួយចាំបាច់ ក្នុងការបង្កើន ភាពស៊ាំបុគ្គល ក៏ដូចជា ភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ ដែលបង្កដោយជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងន័យនេះ គ.វ.ក-១៩ សូមគោរពជម្រាបជូនដល់បងប្អូន ក្មួយៗ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ឬដល់វេនចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ សូមអញ្ជើញទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំង ចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត និងមណ្ឌលសុខភាព នៅទូទាំងប្រទេស ដែលកំពុងបន្តចាក់ជូន ជារៀងរាល់ថ្ងៃ។
ទន្ទឹមគ្នានេះដែរ គ.វ.ក-១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ដែល មានគម្លាតរយៈពេល ចាប់ពី ៣ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬដួសទី៣ ឬដូសទី៤ ឬបានចាក់វ៉ាក់សាំង ចនសុន ចនសុន មួយដូសរួច សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងសូមក្រើនរំលឹក ដល់អ្នកដែលមិនទាន់បានទទួល ការចាក់វ៉ាក់សាំងដូសទី១ និងទី២ ទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាផងដែរ៕/V