ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ (គធ-ខប) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ហី គឹមសេង ប្រធាន គធ-ខប ខេត្តបន្ទាយមានជ័យ បានលើកឡើងថា: ជាទូទៅ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសសន្តិសុខ ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ឬការគំរាមកំហែង និងការបំភិតបំភ័យឡើយ។

ជោគជ័យដ៏ត្រចះត្រចង់នេះ សម្រេចទៅបាន អាស្រ័យដោយមានការចូលរួមចំណែកដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងបានអញ្ជើញទៅបោះឆ្នោត កន្លងមក។

លោក ហី គឹមសេង បានបន្តថា: នាឆ្នាំ២០២២ ខាងមុខនេះ ប្រទេសកម្ពុជា ក៏ដូចជា ក្នុងខេត្តបន្ទាយមានជ័យយើង នឹងមានព្រឹត្តិការណ៍សំខាន់ និងជាប្រវត្តិសាស្ត្រមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។

ដើម្បីត្រៀមលក្ខណៈក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក៏ដូចជា គធ-ខប ខេត្តបន្ទាយមានជ័យ នឹងត្រៀមរៀបចំដំណើរការ នៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោត នាឆ្នាំ២០២៣ ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: ការបោះឆ្នោត គឺជាចំណុចស្នូល និងជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយគោការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ដែលបានកំណត់ ក្នុងការអនុវត្ត មានដូចជា ការបោះឆ្នោតទៀងទាត់ ការបោះឆ្នោតជាសកល ដោយស្មើភាព ដោយសម្ងាត់ ដោយទៀងត្រង់ គ្មានការលួចបន្លំ មានសិទ្ធិឈរឈ្មោះបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងការសម្ដែងមតិ ដោយសេរីភាព តាមឆន្ទៈរាស្ត្រ ៕/V