ដោយ: បូកគោ / កំពត: ប្រជាពលរដ្ឋក្នុងខេត្តកំពត បានរំលឹកអំពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជាថា មានទំហំធំធេងដែលមិនអាចគណនាបាន។ សមិទ្ធផលទាំងឡាយ ដែលបានកើតឡើង ក្រោមកិច្ចដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បានចារជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិ ដោយពុំមាននរណាម្នាក់ អាចលុបបំបាត់ ឬកែប្រែបានឡើយ។

តាមរយ:គុណបំណាច់ និងប្រភពធនធានមនុស្សល្អៗរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជាក់ និងត្រូវការជាបង្អែកជានិរន្តរ។ ទាំងនេះជាការលើកឡើងរបស់អ្នកចូលរួម ក្នុងពិធីប្រារព្ធខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២)។

ក្នុងវ័យ៨៨ឆ្នាំ លោក អុឹង គឹមស៊ន និវត្តជន រស់នៅក្នុងក្រុងកំពត បានរៀបរាប់ថា: គណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយវ័យចំណាស់ មានមាគ៌ាដឹកនាំល្អ ពោរពេញដោយស្មារតី ឆន្ទ:អង់អាចក្លាហាន ក្នុងការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជន។ គណបក្ស ប្រជាជនកម្ពុជា ជាមាតាដែលបានផ្តល់ជីវិតទីពីរ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ស្រដៀងគ្នានេះដែរ លោកសាមឿន សុភក្ត្រា មន្ត្រីនៃសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគកំពត បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា លោកស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សនេះទេ ដែលអាចជួយឲ្យកម្ពុជា រួចផុតពីភ្លើងសង្គ្រាមដោយជំនួសមកវិញ នូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

មន្ត្រីដដែល បានបន្តថា: គណបក្សប្រជាជនកម្ពុជា មិនអាចមានថ្ងៃទន់ខ្សោយឡើយ ពោលគឺមានតែទទួលបាននូវការគាំទ្រច្រើនឡើងបន្ថែមទៀត។ គណបក្សប្រជាជនកម្ពុជា មានគ្រាប់ពូជ ដែលជាធនធានមនុស្សល្អៗដ៏ច្រើនលើសលប់។ ជាមួយនេះ លោកក៏បានមើលឃើញអំពីអនាគតនៃអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស ប្រជាជនកម្ពុជា រួចហើយនោះ គឺលោក ហ៊ុន ម៉ាណែតដែលពោរពេញដោយសមត្ថភាព ក្នុងការដឹកនាំប្រទេសជាតិ។

សូមបញ្ជាក់ថា ពិធីប្រារព្ធខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រពខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រព្រឹត្តឡើង ក្រោមអធិបតីភាពលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត៕/V