ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ មានពិធីបញ្ចុះបឋមសិលាជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រោយមជំនួយ TICA ថៃ ។

ពីធីនោះ មានការអញ្ជើញជាអធិបតីភាពដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រី អ៊ូរារ៉ាត់ ចារ៉ើនតូ ( Ureerat Chareontoh ) អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA: Thailand International Cooperation Agency ) នៃក្រសួងការបរទេសថៃ លោក បរិនបញ្ញា ពោធិសាត់អភិបាលខេត្តស្រះកែវ លោកខនគ្រីត លីសុមុត ( Kornkkrit Limsommut ) ប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួងសុខាភិបាលសាធារណ:ថៃ លោកប្រាប៉ាត ភូកឌួង ( Prapart Phookduang ) នាយកមន្ទីរសុខាភិបាលសាធារណ: ខេត្តស្រះកែវ (ថៃ) ។ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ។

ហេដ្ឋារចនាសម្ព័ន្ធនេះ ជាជំនួយឥតសំណង របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA ) និងសម្របសម្រួលដោយអាជ្ញាធរដែនដី ក្រសួងការបរទេស ក្រសួង/មន្ទីរសុខាភិបាល ។

គណៈ:ប្រតិភូកម្ពុជា និងថៃ បានទទួលបដិសណ្ឋារកិច្ចគ្នាដ៏ស្និទ្ធស្នាល កក់ក្តៅ ក្នុងនាមជាបងប្អូនជិតខាងល្អ ហើយបានអញ្ជើញធ្វើកិច្ចផ្សេងៗ ខាងជំនឿពុទ្ធសាសនា និងកិច្ចខាងបច្ចេកទេស និងបញ្ចុះបឋមសិលាជានិមិត្តរូប នៃការចាប់ផ្តើមសាងសង់ ។

តមក លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ , លោកស្រី អ៊ូរារ៉ាត់ ចារ៉ើនតូ អគ្គនាយិកាទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អន្តរជាតិថៃ និងលោក ប្រាប៉ាត ភូកឌួង នាយកមន្ទីរសុខាភិបាលសាធារណ:ខេត្តស្រះកែវ បានថ្លែងថា: កន្លងមក កិច្ចសហប្រតិបត្តិការ រវាងមន្ទីរសុខាភិបាលខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ មានលើការប្រយុទ្ធបង្ការជំងឺឆ្លង តាមបណ្តោយព្រំដែន, ការជួយបណ្តុះបណ្តាលជំនាញបុគ្គលិកសុខាភិបាល, ការធ្វើទស្សនកិច្ច ប្រជុំផ្សេងៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍, ការសម្របសម្រួលប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងកាត់ព្រំដែន, ការជួយផ្តល់នូវសម្ភារ:បរិធាន រួមមាន ឧបករណ៍ជំនួយផ្លូវដង្ហើម ឧបករណ៍តាមដានសញ្ញាជីវិត ម៉ាស៊ីនវាស់ចង្វាក់បេះដូង (ECG) ការផ្តល់នូវម៉ាស៊ីន (PCR) សម្រាប់វិភាគរកវីរុសកូវីដ១៩ និងប្រតិករ ការផ្តល់រថយន្តគិលានសង្គ្រោះ ១គ្រឿង (ដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី )។ ដោយឡែក ការជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជាផ្នែកមួយ នៃគម្រោងរបស់ TICA នេះទៀត ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក បរិនបញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ បានថ្លែងថា: TICA និងដោយឡែក ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ មិនត្រឹមតែសហប្រតិបត្តិការលើវិស័យសុខាភិបាលប៉ុណ្នោះទេ តែខេត្តសម្ព័ន្ធមេត្រីភាពទាំង២ តែងធ្វើកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ប្រទេស ខេត្ត និងប្រជាជនទាំង២ ក្នុងនោះ ក៏បាពិភាក្សាគ្នា ពីគម្រោងបើកដំណើរការច្រកសេដ្ឋកិច្ចថ្មី (ស្ទឹងបត់-បានណងអៀន ) ផងដែរ ។

ភាគីទាំងពីរ សង្ឃឹមថា ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះនឹងបន្តរក្សាបានគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ថៃ ដែលពង្រីកពង្រឹងតំបន់ព្រំដែន ជាព្រំដែនមិត្តភាព សន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អ ៕/V