ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសេចក្តីចម្រើន នៅអាងត្រពាំងថ្ម ជាទីដែលត្រៀមប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា នាពេលដ៏ខ្លីខាងមុខ ក្រោយពីអភិបាលខេត្ត បន្ទោសអភិបាល ស្រុកភ្នំស្រុក មួយប្រាវ។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចម្រើន នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក មុនពិធីបុណ្យទិវាមច្ឆជាតិ ។

មុននេះ ក៏មានមន្ត្រីថ្នាក់ជាតិ ថ្នាក់ខេត្ត មានការចុះបំពេញការងារបន្ទាន់ ជាបន្តបន្ទាប់ ជាច្រើនលើកច្រើន សារមកហើយក្នុងនោះ ក៏មានការប្រជុំត្រួតពិនិត្យ បែងចែកការទទួលខុសត្រូវ រវាងខេត្ត និងស្រុកភ្នំស្រុក ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលនឹងប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានការប្រជុំត្រួតពិនិត្យ បែងចែកការទទួលខុសត្រូវ រវាងខេត្ត និងស្រុកភ្នំស្រុក ក្នុងការរៀបចំប្រារព្ធទិវា នេះ។ ពេលនោះ បើយោងសារសម្លេង និងរូបភាពដែលបែកធ្លាយ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានស្តីបន្ទោសធ្ងន់ៗទៅលោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក ថាលោកមិនចេះធ្វើការ (អសមត្ថភាព) ។ លោកអភិបាលខេត្ត ក៏ព្រមានដែរថា នៅពេលបន្ទាប់ លោកនឹងត្រួតពិនិត្យការងារដឹកនាំរបស់លោកអភិបាលស្រុក ដែលមានភាពមិនទទួលខុសត្រូវការងារនេះ ដោយសារលោកអភិបាលស្រុកខ្ជីខ្ជារ ឬមិនយកចិត្តទុកដាក់ លើការងារក្តៅគគុក បន្ទាន់ ដែលត្រៀមធ្វើពិធីមច្ឆជាតិ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាល ដោយបែរជាទម្លាក់ការងារទៅឱ្យមេភូមិ មេឃុំ រាយការណ៍ ឬធ្វើការផ្ទាល់ទៅលោកអភិបាលខេត្ត ឬអាចថា ឱ្យភ្នាក់ងារភូមិនិងរដ្ឋបាលឃុំ ធ្វើការទទួលខុសត្រូវ ចំពោះមុខថ្នាក់រដ្ឋបាលខេត្តទៅវិញ ។

ឆ្លើយបំភ្លឺរឿងរ៉ាវនេះ លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានប្រាប់កាសែតរស្មីកម្ពុជាថា: លោកគិតថា វាមិនមានរឿងអីទេ ក្នុងនាមមេ បន្ទោស ករណីលោកធ្វើ ការងារយឺត និងដោយសារមានការដក ចំនួនប្រជាពលរដ្ឋ ពីចំនួន ៤.៥០០ នាក់ មកនៅត្រឹម ៣.០២៣ នាក់វិញ ដែលត្រូវចូលរួមពិធីទិវាមច្ឆជាតិនោះ ។ ដូច្នេះ លោកមេឃុំ គ្រប់ឃុំ ត្រូវបញ្ជូនទិន្នន័យ (ចំនួនពលរដ្ឋ) មកឲ្យស្រុកនៅយប់ម៉ោង៩ ហើយនៅថ្ងៃទី ២៤ ដល់ព្រឹកថ្ងៃទី២៥ លោកបានសួរយកចំនួនលំអិតតាមភូមិនីមួយៗ ដែលត្រូវចូលរួមក្នុងពិធី ។

ចំពោះសារសម្លេងនិងរូបភាពដែលបែកធ្លាយ ហើយគេចែករំលែកតៗគ្នា ដែលឃើញថា លោកអភិបាលស្រុកបានតមាត់បប៉ែសនឹងលោកអភិបាលខេត្តនោះ លោក ជូ បុត្រ បានពន្យល់ថា: នោះមិនមែនការតតាំង ឬប៉ះទង្គិចគ្នា រវាងលោក និងលោកអភិបាលខេត្តអីឡើយ៕/V

(ឆ្វេង ) លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, (ស្តាំ) លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក