ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា មាន​ជំនឿ​ចិត្ត​ថា​ការប្រកួត​កីឡា​សកល​វិទ្យាល័យ ឆ្នាំក្រោយ នឹងមាន ៣០ សាកលវិទ្យាល័យ ចូលរួម​មិន​ខាន ។ លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​វាយ​សី​សាកលវិទ្យាល័យ នា​ល្ងាច​ថ្ងៃទី​២៨ មិថុនា ម្សិលមិញ​នេះ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រកួត​នេះ ដែលមាន​ការចូលរួម ពី​កីឡាករ​កីឡាការិនី ជា​និស្សិត សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការរីកចម្រើន មួយកម្រិត​ទៀត នៃ​វិស័យ​កីឡា​វាយ​សី​កម្ពុជា សម្រាប់​ឆ្នាំនេះ មានតែ ១០ សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​អប់រំ ។

​លោក​ប្រធាន​សហព័ន្ធ ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ទាំង​កីឡាករ កីឡាការិនី ដែលមាន​វត្តមាន នៅទីនេះ ទាំងអស់ ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​ខ្លួន ក្លាយជា​កីឡាករ កីឡាការិនី មានគុណ​ផល​ខ្ពស់ និង​ឈានទៅ​ប្រកួត ស្មើមុខ​មាត់ លើ​ឆាក​អន្ដរជាតិ ហើយ​ឆ្នាំក្រោយ លោក​សង្ឃឹមថា មាន ៣០ សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​អប់រំ នឹងចូលរួម​។

​លោក​បាន​បន្តថា​: ការប្រកួត​កីឡា​នេះ តម្រូវ​ឲ្យ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ ការគោរពវិន័យ គោរព​បទបញ្ជា​បច្ចេក​ទេស ចេះ​យោគយល់ អធ្យាស្រ័យ ទើប​អាច​ផ្សារ ភ្ជាប់​យ៉ាង​ជិតស្និទ្ធ នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​ភាតរភាព ដែលជា​គំរូ​មួយ​ដ៏​ល្អប្រសើរ សម្រាប់​ប្រទេស ជាតិ​យើង និង​ជៀសផុត ពី​អំពើ​អសកម្ម​ផ្សេងៗ នៅក្នុង​សង្គម ពិសេស​ជាងនេះទៀត​នោះ ឲ្យ​ស្របទៅតាម​លំនាំ នៃ​ការរៀបចំ​ការប្រកួត​កីឡា​សាកលវិទ្យាល័យ មាន​លក្ខណៈ​ជា​ហ្គេម (GAMES) ទៅនឹង​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន (ASEAN University Games) ។

​ការប្រកួត​កីឡា ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ឆ្នាំ​២០២២ ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២១ ដល់ទី​៣០ ខែមិថុនា នៅ​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ប្រកួត​ទៅលើ​វិញ្ញាសា ចំនួន ៨៨ វិញ្ញាសា និង​ប្រភេទ​កីឡា ចំនួន ១២ រួមមាន​: បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែល​ទឹក វាយ​កូនឃ្លី​លើ​តុ វាយ​សី តេ​ក្វាន់​ដូ (WT) តេ​ក្វាន់​ដូ (ITF) កា​រ៉ា​តេ និង​សី​ប៉ាក់​តា​ក្រ​៕/V​