ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីតួកគី លោករេស៊ីប តៃយីប អឺដូហ្កាន់ កាលពីថ្ងៃអង្គារបានដកចេញការប្រឆាំងជំទាស់របស់លោកដើម្បីប្រទេសស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូក្រោយបានជួបពិភាក្សាជាមួយមេដឹកនាំប្រទេសក្នុងតំបន់ន័រឌិក(Nordic)ទាំងពីរនៅទីក្រុងម៉ាឌ្រីត។
កន្លងមកលោកអឺដូហ្កាន់បានបដិសេធការសុំចូលរបស់ប្រទេសទាំងពីរយ៉ាងចចេស ទោះជាមានការអំពាវនាវពីសម្ពន្ធមិត្តណាតូអោយបើកផ្លូវសំរាប់ពួកគេចូលក្នុងសម្ពន្ធភាពយោធានេះក្តី។តួកគី ដែលជាសមាជិកណាតូមួយអាចបោះឆ្នោតប្រឆាំងជំទាស់ប្រទេសហ្វាំងឡង់និងស៊ុយអែតចូលក្នុងសម្ពន្ធភាពយោធាលោកខាងលិចដ៏ធំនេះដោយសារតែច្បាប់តំរូវអោយរដ្ឋជាសមាជិកទាំងអស់គាំទ្រទទួលយកសមាជិកថ្មី។
លោករេស៊ីប តៃយីប អឺដូហ្កាន់(កណ្តាល)ចាប់រលាក់ដៃជាមួយអគ្គលេខាអង្គការណាតូក្នុងអំឡុងជំនួបកំពូលរបស់សម្ពន្ធភាពយោធានេះនៅក្រុងម៉ាឌ្រីត
កន្លងមកលោកអឺដូហ្កាន់(ឆ្វេង)បានបដិសេធការសុំចូលរបស់ប្រទេសទាំងពីរយ៉ាងចចេស តែកាលពីថ្ងៃអង្គារបានយល់ព្រមក្រោយការធ្វើសម្បទានពីហ្វាំងឡង់និងស៊ុយអែត
តែកាលពីយប់ថ្ងៃអង្គារ ការិយាល័យរបស់អឺដូហ្កាន់ បាននិយាយថា ខ្លួនយល់ព្រមគាំទ្រសំណើរបស់ប្រទេសទាំងពីរចូលរួមក្នុងអង្គការនេះ ដោយថារដ្ឋាភិបាលទីក្រុងអង់ការ៉ា«បានទទួលអ្វីដែលខ្លួនចង់បានហើយ»។
ការិយាល័យនេះបាននិយាយនៅមុនជំនួបកំពូលនៅម៉ាឌ្រីតថា «តួកគីបានធ្វើអោយមានការរីកចំរើនខ្លាំងក្នុងការប្រយុទ្ធទល់នឹងអង្គការភេរវកម្ម»។
កន្លងមករដ្ឋាភិបាលទីក្រុងអង់ការ៉ា បានចោទប្រកាន់ហ្វាំងឡង់ ជាពិសេសស៊ុយអែតថាផ្តល់ទីជម្រកសុវត្ថិភាពដល់ពួកយុទ្ធជនឃឺដដែលបានធ្វើការបះបោរចំណាស់រាប់ទសវត្សរ៍ប្រឆាំងនឹងរដ្ឋតួកគី។
ប្រទេសក្នុងតំបន់ន័រឌិកទាំងពីរក៏បានយល់ព្រមដកចេញការហ៊ុមព័ទ្ធការដឹកជញ្ជូនសព្វាវុធទៅកាន់តួកគីផងដែរ ដែលត្រូវបានដាក់ជាការឆ្លើយតបនឹងអន្តរាគមន៍យោធាតួកគីចូលស៊ីរី នៅឆ្នាំ២០១៩។
កាលពីថ្ងៃអង្គារ តួកគីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយស៊ុយអែតនិងហ្វាំងឡង់ ដើម្បីគាំទ្រការអញ្ជើញប្រទេសស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកណណាតូ។
សម្ពន្ធមិត្តណាតូទាំងអស់ រួមទាំងអង់គ្លេស បានអបអរកិច្ចព្រមព្រៀងនេះ។
ចំណាត់ការនេះកើតឡើងក្រោយអគ្គលេខាអង្គការណាតូ លោកជេន ស្តូលថិនប៊ឺក បានសម្របសម្រួលអោយមានកិច្ចពិភាក្សានៅទីក្រុងម៉ាឌ្រីតរវាងលោកអឺដូហ្កាន់ និងមេដឹកនាំស៊ុយអែតនិងហ្វាំងឡង់។
លោកបាននិយាយថា «ខ្ញុំសប្បាយចិត្តដែលប្រកាសថា យើងឥឡូវមានកិច្ចព្រមព្រៀងមួយដែលត្រួសត្រាយផ្លូវសំរាប់ស៊ុយអែតនិងហ្វាំងឡង់ចូលក្នុងអង្គការណាតូ។កិច្ចព្រមព្រៀងនេះដោះស្រាយទុក្ខកង្វល់របស់តួកគី រួមមានការនាំចេញសព្វាវុធ និងការប្រយុទ្ធប្រឆាំងភេរវកម្ម»។
នាយករដ្ឋមន្ត្រីស៊ុយអែត កាលពីថ្ងៃអង្គារបានអបអរវាថាជា«កិច្ចព្រមព្រៀងល្អណាស់»មួយជាមួយតួកគី តែថាស៊ុយអែតមិនបានធ្វើសម្បទានច្រើនពេកដល់លោកអឺដូហ្កាន់ទេ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុននក៏បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ដោយលោកបាននិយាយថា« សមាជិកភាពរបស់ស៊ុយអែតនិងហ្វាំងឡង់នឹងធ្វើអោយសម្ពន្ធភាពរបស់យើងកាន់តែរឹងមាំឡើងនិងមានសុវត្ថភាពឡើង»។
លោកអឺដូហ្កាន់ ត្រូវរំពឹងថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិកចូ បៃដិន នៅថ្ងៃពុធនៅក្រៅជំនួបកំពូលណាតូ ។សូមបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិកបានដាក់ទណ្ឌកម្មលើតួកគីដោយសារតែរដ្ឋាភិបាលទីក្រុងអង់ការ៉ាចចេសទិញប្រព័ន្ធការពារកាំជ្រួចទំនើបពីរុស្ស៊ីកាលពីឆ្នាំ២០១៩។ការទិញនេះនាំអោយអាម៉េរិកទម្លាក់តួកគីចេញពីកម្មវិធីយន្តហោះប្រយុទ្ធរួមF-35 និងដាក់ការរឹតត្បិតពាណិជ្ជកម្មលើទីភ្នាក់ងារទិញនិងផ្គត់ផ្គង់សម្ភារយោធាតួកគី។
ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោនបានអោយសញ្ញាថា ខ្លួនអាចទុកជម្លោះនេះទៅមួយផ្នែក។រដ្ឋាភិបាលរបស់លោកបៃដិនកំពុងថ្លឹងថ្លែងអំពីលទ្ធភាពផ្គត់ផ្គង់យន្តហោះF-16ជំនាន់ចាស់ជាងដើម្បីអោយតួកគីផ្លាស់ប្តូរកងយន្តហោះចាស់ៗរបស់ខខ្លួន៕