ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបន្ទាន់ អំពីការរកឃើញអ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ជាថ្មីឡើងវិញ នៅថ្ងៃនេះ (ថ្ងៃទី២៧ ខែមិថុនា) បន្ទាប់ពីអាក់ខាន នូវការឆ្លង និងការស្លាប់ ដោយជំងឺនេះ រយៈពេល ៥២ ថ្ងៃ កន្លងមក។
តាមរយៈសារសំឡេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថាៈ វត្តមានមេរោគ កូវីដ១៩ នៅកម្ពុជា ជាថ្មីនេះ គឺក្រសួងសុខាភិបាល បានរកឃើញ អ្នកឆ្លងក្នុងសហគមន៍ តាមរយៈការធ្វើតេស្ត PCR មួយចំនួន ព្រមទាំងរកឃើញអ្នក ដែលបានធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទ ចេញទៅក្រៅប្រទេស មួយចំនួន និងមួយចំនួនទៀត គឺអ្នកដែល បានវិលត្រឡប់ ពីក្រៅប្រទេស មកក្នុងប្រទេសវិញ។ ទន្ទឹមនឹងនោះ សម្តេច ក៏បានទទួលនូវ ដំណឹងមួយចំនួនថា នៅទីកន្លែងមួយចំនួន អង្គការធ្វើតេស្តរហ័ស ក៏ឃើញមាននៅកូវីដ ១៩។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថាៈ «ដូច្នេះអាចសន្មត់បានថា ជំងឺកូវីដ ១៩ វាចាប់ផ្តើម ឡើងវិញ ទោះបីជាក្នុងចំនួនតិច ហើយអាការៈមិនទាន់ធ្ងន់ធ្ងរ ក៏ដោយ ដូច្នេះខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ទៅលើការការពារសុខភាព ផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវ តែមានវិធានការម៉ត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាល ចូលទៅក្នុងសហគមន៍ ទៅក្រុមគ្រួសារ ក៏ដូចជា ស្ថាប័ននានាផងដែរ » ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការយកចិត្តទុកដាក់ ឲ្យបានដិតដល់ទៅលើ ការពិនិត្យតាមដាន នៃការវិវត្តលើបញ្ហានេះ មន្ទីរសុខាភិបាល ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ចៀសករណីការរីករាលដាលធ្ងន់ធ្ងរ អាចកើតមានជាយថាហេតុ។
សម្តេចតេជោ ក៏បានអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង សូមបន្តនូវវិធានការសុខាភិ បាល ដែលបានដាក់ចេញនោះ។ ពាក់ព័ន្ធនឹងវិធានការ ៣កុំ និង ៣ការពារ ត្រូវតែអនុវត្ត ហើយទោះបីជាបានតិច ឬបានច្រើន ត្រូវខិតខំអនុវត្ត ដើម្បីបញ្ចៀសនូវការរីករាលដាល ពីជំងឺឆ្លងនេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាៈ នេះជាសារបន្ទាន់ បន្ទាប់ពីបានរកឃើញ នូវករណីវិជ្ជមាន នៅតាមទីកន្លែង មួយចំនួន។
សម្តេចតេជោ បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូសជំរុញ ត្រូវប្រញាប់ប្រញាល់ ទៅទទួលវ៉ាក់សាំង ដែលរៀបចំដោយក្រសួងសុខាភិបាល។ សម្តេចបានបញ្ជាក់ថាៈ បើមិនមានការប្រញាប់ប្រញាល់ទេនោះ ប្រទេសកម្ពុជា អាចនឹងធ្លាក់ ទៅក្នុងស្ថានភាព ដ៏អាក្រក់ជាមិនខាន៕/V