ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានប្រជុំលម្អិត ដើម្បីត្រៀមខ្លួនចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការត្រៀមខ្លួនទទួលយក ទង់សហព័ន្ធកីឡាជនពិការអាស៊ាន មកកម្ពុជា រៀបចំខ្លួនធ្វើម្ចាស់ផ្ទះ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ការប្រជុំនេះ បានធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយមានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។
លោក យី វាសនា បានរៀបរាប់ថា: កិច្ចប្រជុំពិសេសនេះផ្តោតលើកត្តាសំខាន់ៗជាច្រើន រួមមាន ការត្រៀមខ្លួនរបស់ប្រតិភូកម្ពុជា ក្នុងការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី។ ការត្រៀមរបស់ប្រតិភូកម្ពុជា ទៅសិក្សាស្វែងយល់ និងដកស្រង់ បទពិសោធន៍ ពីការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម និងការត្រៀមពិធីទទួលទង់ សហព័ន្ធកីឡាជនពិការអាស៊ាន។
លោក យី វាសនា បានមានប្រសាសន៍ថា: អ្វីដែលបានលើកយកមកពិភាក្សាគ្នា មិនមែនត្រឹមតែថ្ងៃនេះទេ បានធ្វើ ២ ឆ្នាំហើយ យើងបានបញ្ជ្រៀបចូលជាច្រើន អំពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម។ យើងមានបទពិសោធន៍ តាំងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១ រហូតដល់អវត្តមាន អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅហ្វីលីពីន ដោយសារវិបត្តិកូវីដ-១៩។
លោកបានបន្តថា: វៀតណាម ធ្វើស៊ីហ្គេមឆ្នាំ២០២២ នេះ ក៏អត់បានធ្វើដែរ ដោយសារកូវីដ ប៉ុន្តែឥណ្ឌូនេស៊ីលោកប្រធានាធិបតី មានទឹកចិត្តរីករាយ គិតឃើញថា នេះជាល័ក្ខខ័ណ្ឌ សិទ្ធិមនុស្ស។ ម្យ៉ាងទៀតអ្នកបច្ចេកទេសរបស់យើង ផ្នែកប៉ារ៉ាឡាំពិក អត្តពលិកប៉ារ៉ាឡាំពិក របស់យើង មិនទាន់បានប្រកួត ហើយវាចំពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ហេតុនេះ វាសំខាន់ណាស់ ដែលយើងត្រូវចេញទៅដកស្រង់បទពិសោធន៍ ដើម្បីយកមកពង្រីក វិសាលភាពរបស់យើង ដោយធ្វើយ៉ាងណា ឲ្យការរៀបចំរបស់យើង នៅឆ្នាំ២០២៣ បានជោគជ័យ។ សំខាន់ទៀតនោះ យើងទៅមើលថា តើបដិសណ្ឋារកិច្ចរបស់គេ យ៉ាងដូចម្តេចការរៀបចំបច្ចេកទេសរបស់គេដូចម្តេច។
អង្គប្រជុំទាំងមូល សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ដែលបានចាត់តាំងឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា និងជាប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដឹកនាំប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី។
ប្រតិភូកម្ពុជា សម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ី មាន ៣ កម្រិតគឺ ប្រតិភូដឹកនាំដោយរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ានី ជាប្រធាន ហើយប្រតិភូ CAMSOC និងប្រតិភូកីឡា ដែលចាប់ផ្តើមពីនាយបេសកកម្ម អត្តពលិក គ្រូបង្វឹក និងអ្នកបច្ចេកទេស។
ប្រតិភូ CAMSOC ដែលជាប្រតិភូបច្ចេកទេស ដើម្បីដឹកនាំរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បានជោគជ័យ គឺចាំបាច់ប្រតិភូ ដែលមានសមាជិកប្រមាណ ៧០ នាក់ មកពីគណ:កម្មការទាំង១៤ ទៅឥណ្ឌូនេស៊ី ដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍។
កត្តាពិសេសមួយទៀតនោះ អង្គប្រជុំ បានពិភាក្សាលម្អិត ពីការរៀបចំទទួល ទង់អាស៊ានប៉ារ៉ាហ្គេម ដើម្បីយកទង់មករៀបចំការប្រកួត នៅកម្ពុជា ជាផ្លូវការ និងឯកភាព ទៅតាមលិខិត ដែលបានដាក់ស្នើសុំជាគោលការណ៍ របស់សម្តេចតេជោ ដែលមានជម្រើសច្រើន សម្រាប់ទុក ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់យោបល់ និងមតិឲ្យសមស្របតាមមុខមាត់ របស់ព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ ប្រតិភូមានទាំងលោកផង បានធ្វើដំណើរទៅឥណ្ឌូនេស៊ី ដើម្បីចូលរួមសិក្ខាសាលានាយបេសកកម្ម និងចុះឈ្មោះជាបឋម។កម្ពុជា នឹងចុះឈ្មោះ ដើម្បីឲ្យប្រតិភូ បានទៅឥណ្ឌូនេស៊ី គឺទី១ ប្រកបដោយសុវត្ថិភាព ទី២ គឺការបង់ថ្លៃទិដ្ឋាការ ដោយស្នើសុំម្ចាស់ផ្ទះ ឲ្យមានការបន្ធូរបន្ថយ ពីព្រោះប្រតិភូកម្ពុជា ប្រហែលជាច្រើនជាង ប្រទេសប្រតិភូប្រទេសដទៃ ស្របពេលកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។
ទន្ទឹមជាមួយគ្នានេះ អង្គប្រជុំ ក៏បានពិភាក្សាគ្នា អំពីការដឹកជញ្ជូនប្រតិភូដែរ ដើម្បីធ្វើយ៉ាងណា ឲ្យការធ្វើដំណើរទៅឥណ្ឌូនេស៊ី ស្រួលដូចទៅស៊ីហ្គេម នៅវៀតណាម។
អង្គប្រជុំ បានពិភាក្សាលម្អិត នៅពេលទង់សហព័ន្ធកីឡាជនពិការអាស៊ាន មកដល់កម្ពុជា តើត្រូវមានពិធីដង្ហែក្បួនបែបណា ដើម្បីលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា ពីព្រោះ បន្ទាប់ពីទទួលទង់ ឆ្នាំ២០២៣ ត្រូវរង់ចាំ ២២ ឆ្នាំទៀត អីចឹងហើយ បានជានេះ ជាមោទនភាព របស់ប្រជាជនកម្ពុជា៕/V