​ប្រែ​សម្រួលៈ​បំណង​(ST)៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​យ៉ាងហោច​ណាស់​មនុស្ស​១៩​នាក់​បាន​ស្លាប់​នៅពេល​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បណ្តាល​អោយរ​លំបាក់​អាគារ​កំពស់​បួន​ជាន់​មួយ​នៅក្នុង​​ទីក្រុង​ហិរញ្ញវត្ថុ​មុំ​បៃ​(Mumbai)​របស់​ឥណ្ឌា​។​

​អាគារ​ចាស់​ទ្រុឌទ្រោម​នេះ បានរ​លំបាក់​នៅមុន​ពាក់កណ្តាល​យប់​ថ្ងៃ​ចន្ទ​។​មនុស្ស​១៤​នាក់​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​និង​សាកសព​ចំនួន​១៩​ក៏​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​បាក់បែក​នៃ​​អាគារ​នេះ​ផងដែរ​។​

​អ្នកនាំពាក្យ​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ថា «​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​កំពុង​បន្តធ្វើ​»​តែ​ការធ្លាក់​ភ្លៀង​បាន​រំខាន​ដល់​ការងារ​របស់​ក្រុម​​ស្វែងរក​និង​ជួយ​សង្គ្រោះ​ដែល​បាន​ខិតខំ​រើ​ចេញ​ផ្ទាំង​ថ្ម​និង​រើកកាយ​​គំនរ​ថ្ម​និង​ភក់​ដើម្បី​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​។​

​មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយថា គ្រួសារ​នៅ​ក្នុង​អាគារ​ទ្រុឌទ្រោម​នេះ​ត្រូវបាន​អាជ្ញាធរ​ស្នើសុំ​អោយ​រើ​ចេញ​ជា​យូរ​មក​ហើយ តែ​ពួកគេ​បន្ត​រស់នៅ​ទីនោះ​។​

​ភ្លៀង​រដូវវស្សា​ចាប់ពី​ខែ​មិថុនា​ដល់​កញ្ញា​សំខាន់​សំរាប់​ចាក់​បំពេញ​ទឹក​ក្នុង​អាង​ទន្លេ​បឹងបួរ​និង​ទឹក​ក្រោម​ដី​នៅ​ឥណ្ឌា តែ​វា​ក៏បង្ក​មហន្តរាយ​ទូទៅ​ផង​ដែរ រីឯ​ការដួលរលំ​អាគារ​កើតមាន​ជាធម្មតា​រាល់​ឆ្នាំ​​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ជោគជាំ​នេះ ដោយសារ​គ្រឹះ​អាគារ​ទន់ជ្រាយ​គួបផ្សំ​នឹង​សំណង់​ចាស់​និង​ការមិនសូវ​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព​។​

​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា​(Maharashtra)​ដែល​មាន​ក្រុង​មុំ​បៃ​ជា​រដ្ឋធានី​កាលពី​ឆ្នាំមុន​បាន​ជួប​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​និង​ការបា​ក់ដី​ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​៕

​មនុស្ស​១៤​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​និង​សាកសព​១៩​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​អាគា​របាក់​កាលពី​ថ្ងៃ​អង្គារ​