​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​ថា ភ្លើង​ឆេះ​នៅ​ពន្ធនាគារ​មួយ​នៅ​ភាគ​និរតី​នៃ​ប្រទេស​កូឡុំប៊ី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥១ នាក់ និង​ជាង​២០​នាក់​ផ្សេង​ទៀត​រងរបួស​។​

​នាយក​ពន្ធនាគារ​ជាតិ លោក ទី​តូ កាស្តែល​ឡា​ណូស (Tito Castellanos) បាន​ប្រាប់​វិទ្យុ Caracol​ថា គេ​មិន​ច្បាស់​ទេ​ថា​តើ​អ្នក​ស្លាប់​ទាំងអស់​គឺជា​អ្នកទោស​ឬ​យ៉ាងណា​។ ដំបូង​ឡើយ លោក​បាន​និយាយថា មនុស្ស ៤៩ នាក់​បាន​ស្លាប់ ប៉ុន្តែ​ក្រោយមក​ក្រសួង​យុត្តិធម៌​បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​ដល់ ៥១ នាក់​។​

​លោក​បាន​និយាយថា ភ្លើង​បាន​ឆេះ​ក្នុងអំឡុងពេល​មួយ​ដែល​ទំនង​ជា​ការប៉ុនប៉ង​ធ្វើ​កុបកម្ម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ពន្ធនាគារ​សន្តិសុខ​មធ្យ​ម​មួយ​ក្នុង​ទីក្រុង​ទូ​លូ​អា (Tulua)​។​​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក វី​ល​សុន រូ​អ៊ី​ស (Wilson Ruiz)​បាន​និយាយថា អ្នកទោស​ពីរ​នាក់​បាន​ឈ្លោះ​គ្នា ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ដុត​ពូក​របស់ខ្លួន បង្ក​ជា​អគ្គិភ័យ​។​

​លោក​រូ​អ៊ី​ស​បាន​បន្ថែមថា អ្នកទោស​ជាង ២០ នាក់​កំពុង​ត្រូវបាន​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ ហើយ​បាន​និយាយថា អ្នក​យាមគុក​ពីរ​នាក់​បាន​រងរបួស​ស្រាល​។​

​ប្រធានាធិបតី អ៊ី​វ៉ាន់ ឌូ​កេ (Iván Duque)​បាន​សម្តែង​ការរំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​អ្នកស្លាប់ ហើយ​បាន​និយាយថា លោក​បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត​លើ​មូលហេតុ​ហើយ​៕

​សាច់ញាតិ​អ្នកទោស​រុញច្រាន​របាំង​ប៉ូលិស​នៅក្រៅ​ពន្ធនាគារ​ក្រុង​ទូ​លូ​អា​កាលពី​ថ្ងៃ​អង្គារ ក្រោយ​ឮដំណឹង​អំពី​ការស្លាប់​អ្នកទោស​