ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​បារាំង​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​បាន​ថ្កោលទោស​ការវាយប្រហារ​តាម​ផ្លូវអាកាស​ដ៏​ក្ដៅគគុក​របស់​រុស្ស៊ី​លើ​ផ្សារ​ទំនើប​ពោរពេញ​ដោយ​ហ្វូងមនុស្ស​​ក្នុងប្រទេស​អ៊ុយ​ក្រែនថា​ជា “​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថ្មី​” ហើយ​បាន​ប្តេជ្ញា​ថា​ការគាំទ្រ​របស់​លោក​ខាងលិច​សម្រាប់​ទីក្រុង​គៀវ​នឹងមិន​ងាករេ​ឡើយ ដោយ​និយាយ​ថា​ទីក្រុង​មូ​ស្គូ “​មិនអាច និង​មិន​គួរ​ឈ្នះ​” សង្គ្រាម​នេះ​ទេ​។​

ប្រធានាធិបតី​បារាំង​

​ការវាយប្រហារ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៨ នាក់​នៅ​កណ្តាល​ទីក្រុង​ក្រេ​មិន​ឈុ​ក (Kremenchuk) បាន​កើតឡើង​នៅពេលដែល​មេដឹកនាំ​មក​ពី​ក្រុម G7 ជួបប្រជុំ​គ្នា​នៅ​អឺរ៉ុប​។ វា​គឺជា​ផ្នែក​មួយ​នៃ​ការបាញ់ប្រហារ​យ៉ាងខ្លាំង​ក្លា​មិន​ធម្មតា​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​អ៊ុ​យក្រែន រួម​ទាំង​នៅក្នុង​រដ្ឋធានី​គៀវ ដែល​បាន​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ជា​ថ្មី​ពី​អន្តរជាតិ​នៅ​ពេល​ដែល​​សង្គ្រាម​កំពុង​អូសបន្លាយ​ពេល​។​

​ថ្លែង​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល G7 នៅ​ប្រទេស​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ចេញមុខ​ដោះស្រាយ​កង្វល់​នេះ​ដោយ​បាន​ប្តេជ្ញា​ថា​ប្រទេស​ប្រជាធិបតេយ្យ​​ឧស្សាហកម្ម​ឈានមុខ​គេ​ទាំង​ប្រាំពីរ​នឹង​គាំទ្រ​អ៊ុ​យក្រែន និង​រក្សា​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី “​ដរាបណា​វា​ចាំបាច់ និង​ជាមួយ​ប្រពល​ភាពចាំបាច់​”​។

​លោក​បាន​និយាយថា “​រុស្ស៊ី​មិនអាច និង​មិន​គួរ​ឈ្នះ​ទេ​”​។ លោក​បាន​ហៅ​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​លើ​ផ្សារ​ទំនើប​នេះ​ថា​ជា “​ឧក្រិដ្ឋកម្ម​សង្គ្រាម​ថ្មី​”​។​

​ដូចដែល​ពួក​គេ​បាន​អះអាង​ក្នុង​ការវាយប្រហារ​ផ្សេង​ទៀត​ដែរ មន្ត្រី​រុស្ស៊ី​បាន​អះអាង​ថា​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នេះ​មិនមែន​ជា​គោលដៅ​របស់​ខ្លួន​នោះ​ទេ​និង​ជា​ការរៀបចំ​ឆាក​ដោយ​អ៊ុ​យក្រែនខ្លួន​​ឯង​ដើម្បី​បង្កើត​ការចាប់អារម្មណ៍​។​

​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចោទប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ជា “​ភេរ​វករ​” និង​បាន​អំពាវនាវ​ឱ្យ​បណ្តេញ​រុស្ស៊ី​ចេញពី​អង្គការសហប្រជាជាតិ​។ លោក​ក៏​បាន​ជំរុញ​ឱ្យ​អ​.​ស​.​ប​បង្កើត​សាលាក្តី​អន្តរជាតិ​មួយ​ដើម្បី​ស៊ើបអង្កេត​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ផងដែរ​។​

​លោក​ហ្សេ​លេន​ស្គី​បានបញ្ចប់​សុន្ទរកថា​របស់​គាត់​ដោយ​សុំ​ឱ្យ​មនុស្ស​ទាំងអស់​នៅក្នុង​អង្គប្រជុំ​ក្រោកឈរ​ដោយ​ស្ងៀមស្ងាត់​ដើម្បី​គោរព​ដួង​វិញ្ញាណក្ខន្ធ​កុមារ​និង​មនុស្សពេញវ័យ​អ៊ុ​យក្រែន “​រាប់​ម៉ឺន​នាក់​” ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​។ សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​បាន​ក្រោកឈរឡើង រួមទាំង​ឯកអគ្គរដ្ឋទូត​រងរ​បស់​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី (Dmitry Polyansky) ផងដែរ​៕

​ក្រុម​ពន្លត់​អគ្គិភ័យ​អ៊ុយ​ក្រែន​កំពុងព​ន្ល​ត់​ភ្លើង​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ក្រេ​មិន​ឈុ​គ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា ឆ្នាំ​២០២២