ដោយៈ បូកគោ / កែប​: ខ្សែ​រ៉​ត​ឆ្លង​សមុទ្រ លើកដំបូង និង​វែង​ជាងគេ នៅ​កម្ពុជា បានចាប់ផ្តើម សាងសង់ ក្នុង​ខេត្ត​កែប ដើម្បី​បង្កើន​សកម្មភាព​កម្សាន្ត​សប្បាយ សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​។ ខ្សែ​រ៉​ត​នេះ ចេញពី​ចំ​ចំណុច​កំពូលភ្នំ ឧ​ឧ្យាន​ជាតិ​កែប ចុះ​តម្រង់​ឆ្ពោះ​មក​ក្បែរ​ទីតាំង អតីត​ព្រះរាជដំណាក់ ក្នុង​រយ​:​ប្រវែង​ជាង ៦០០ ម៉ែត្រ ដោយ​គ្រោង​ចំណាយ​ប្រមាណ ២ លាន​ដុល្លារ​អាម៉េរិក​។​

​លោក ហេង តារា ម្ចាស់​គម្រោង​វិនិយោគ សាងសង់​មណ្ឌល​កម្សាន្ត ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថាៈ ដោយ​មើលឃើញ​ពី​សក្តានុពល ដ៏​វិសេសវិសាល ផ្នែក​ទេសចរណ៍ ក្នុង​ខេត្ត​កែប តែ​បែរជា​មិនទាន់មាន​ល្បែង សប្បាយ​បែប​ទំនើប​នោះ លោក​បានសម្រេច បោះទុន​វិយោគ តាមរយ​:​ការបង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​ខ្សែ​រ៉​ត ឆ្លង​សមុទ្រ ក្រោម​គម្រោង ចំណាយ ប្រមាណ ២ លាន​ដុល្លារ​អាម៉េរិក​។ ខ្សែ​រ៉​ត​នេះ មាន​ប្រវែង ៦៣០ ម៉ែត្រ បង្កើតឡើង តាម​ស្តង់ដារ​បច្ចេកទេស ត្រឹមត្រូវ ដោយ​ធានា​សុវត្ថិភាព​ភ្ញៀវ ១០០ ភាគរយ​។​

​ម្ចាស់​គម្រោង​ដដែល បាន​បន្តថាៈ លោក​នឹង​កែច្នៃ​បង្កើត​ល្បែង​កម្សាន្ត ច្រើន​ប្រភេទ បន្ថែមទៀត ដើម្បី​ទាក់ទាញ​ទេសចរ មកលេង និង​ស្នាក់នៅ​ខេត្ត​កែប យ៉ាងហោច​ឱ្យបាន មួយ​យប់​។ និយាយ​រួម គម្រោង​នេះ អាចជា​ចំណែក​មួយ ក្នុងការ​កែប្រែ​ខេត្ត​កែប ពី​កន្លែង​ត្រឹមតែ​លម្ហែ​សប្បាយ​របស់​ភ្ញៀវ រួច​ចាកចេញ មកជា​តំបន់​កម្សាន្ត ហើយ​បន្ត​ស្នាក់អាស្រ័យ​តែម្តង​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថាៈ ទោះបី​ស្ថិតក្នុង​ដំណាក់កាល នៃ​វិបត្តិ​កូ​វីដ​-១៩ ក្តី រដ្ឋបាលខេត្ត បាន​ខិតខំ​អភិវឌ្ឍន៍ រហូត​សម្រេចបាន​សម​ទ្ធិ​ផល យ៉ាងច្រើន​ជា​បន្តបន្ទាប់​។ ជាក់ស្តែង គម្រោង​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​ខ្សែ​រ៉​ត​នេះ ជា​ទស្សនៈវិស័យ​ថ្មី​មួយទៀត សម្រាប់​ខេត្ត​កែប ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​។

​លោក​អភិបាលខេត្ត បាន​បន្តថាៈ ខេត្ត​កែប ក៏មាន​គម្រោង​អភិវឌ្ឍន៍ តំបន់​ទេសចរណ៍ ជាច្រើន​ទៀត ដូចជា ទេសចរណ៍​តាម​ជួរ​ភ្នំ ឆ្នេរសមុទ្រ ទេសចរណ៍​តាម​តំបន់ឆ្នេរ​កោះ ជាដើម​។ បន្ថែម​លើ​នោះ ក៏​នឹង​រៀបចំ​ឱ្យមាន​តំបន់​ទេសចរណ៍ បាតសមុទ្រ​ផងដែរ​៕/V​