ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងព្យាយាមកសាងទំនាក់ទំនងជាមួយពួកតាលីបង់ ហើយថារុស្ស៊ីចង់ឃើញក្រុមជនជាតិភាគតិចទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថានចូលរួមក្នុងការគ្រប់គ្រងប្រទេស។
សេចក្តីថ្លែងការណ៍របស់លោកពូទីនធ្វើឡើងកាលពីថ្ងៃអង្គារទី២៨មិថុនាក្នុងជំនួបជាមួយប្រធានាធិបតីតាជីគីស្ថាន លោក អ៊ីម៉ូម៉ាលី រ៉ាម៉ុន (Emomali Rahmon) ក្នុងអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅក្រៅប្រទេស ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅអ៊ុយក្រែន។
តាជីគីស្ថាន ដែលទទួលដាក់មូលដ្ឋានយោធារុស្ស៊ី មានព្រំដែនដ៏វែងឆ្ងាយជាមួយអាហ្វហ្គានីស្ថាន ហើយព្រួយបារម្ភថា លទ្ធិជ្រុលនិយមអ៊ីស្លាមអាចជ្រាបចូលទៅក្នុងប្រទេស។
លោកពូទីនបាននិយាយនៅក្នុងរដ្ឋធានី ឌូសានបេ (Dushanbe)ថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យស្ថានភាពនៅក្នុងប្រទេសនោះមានប្រក្រតីភាព។យើងកំពុងព្យាយាមកសាងទំនាក់ទំនងជាមួយកម្លាំងនយោបាយដែលគ្រប់គ្រងស្ថានការណ៍នេះ”។
លោកបាននិយាយថា “យើងកំពុងធ្វើការចេញពីមូលដ្ឋាន ដែលក្រុមជនជាតិភាគតិចទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដូចដែលបាននិយាយរួចហើយគឺត្រូវតែចូលរួមឱ្យបានត្រឹមត្រូវក្នុងការដឹកនាំប្រទេស”។
ទោះបីជារុស្ស៊ីចាត់ទុកក្រុមតាលីបង់ជាក្រុមភេរវករក៏ដោយ ក៏ប៉ុន្តែក្រុមតាលីបង់មានតំណាងនៅក្នុងប្រទេសរុស្ស៊ីនិងគណៈប្រតិភូមួយក្រុមបានចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងសេនភីតធឺស្បឺក (St. Petersburg)នាពេលថ្មីៗនេះ៕
លោកពូទីនជួបប្រធានាធិបតីតាជីគីស្ថាន លោក អ៊ីម៉ូម៉ាលី រ៉ាម៉ុន ក្នុងទីក្រុងឌូសានបេកាលពីថ្ងៃអង្គារ