​ដោយៈ ស​រិ​ទ្ធ / ពោធិ៍សាត់​៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវលំ ក្រាល​ក្រួស​ក្រហម​មួយ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង រវាង​រថយន្ត​រត់​ឈ្នួល និង​អ្នកជិះ​ម៉ូតូ​ដែល​បើក​ច្រាសទិស​គ្នា បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​របួស​ដាច់​ជើង (​ម្ខាង​) ម្នាក់ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ដដែល បាន​បន្តថាៈ មុន​កើតហេតុ គេ​ឃើញ​ឈ្មោះ សេស ភា​រុំ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្វេ​ង ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ បើកបរ​រថយន្ត​ម៉ាកតូយ៉ូតា ​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-7597 ក្នុងទិសដៅ​ពី​ខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច លុះ​មកដល់​កន្លែងកើត ហេតុ បាន​បុក​អ្នកជិះ​ម៉ូតូ ឌុប​គ្នា ដែល​កំពុងធ្វើដំណើរ​ច្រាសទិស​គ្នា បណ្ដាលឱ្យ​ស្លាប់​ម្នាក់ ភ្លាមៗ​នៅនឹងកន្លែង កើតហេតុ និង​ម្នាក់ទៀត របួស​ដាច់​ជើង​ម្ខាង​។​

​ប្រភព​បាន​បញ្ជាក់ថាៈ ភាគី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ បឿន ពុធ អាយុ ២៥ ឆ្នាំ របួស​ដាច់​ជើង​ខាងស្ដាំ និង​អ្នករួមដំណើរ ឈ្មោះ ណ​យ រ៉​ន អាយុ ៣៧ ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ ស្ត្រី​ពីរ​នាក់​នេះ មាន​លំនៅ នៅ​ភូមិ ឃុំ​កើតហេតុ ខាងលើ ជាមួយគ្នា​។​

​ប្រភព​បាន​បន្ថែមទៀត​ថាៈ មន្ត្រីនគរបាល​ជំនាញ និង​មន្ត្រី​មូលដ្ឋាន បានធ្វើ​កំណត់ហេតុ ចំណែក​វត្ថុតាង​ម៉ូតូ និង​រថយន្ត ប្រគល់ជូន​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តពោធិ៍សាត់ ដើម្បី​រក្សាទុក រង់ចាំ​ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕/V