ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តាមការប្រកាសពី សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានពន្យារពេល កាលកំណត់របស់ខ្លួន ក្នុងការទទួលការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ Asian Cup ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តរបស់ចិន ក្នុងការបោះបង់ចោលសិទ្ធិ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។
មុននេះ ចិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នៅវគ្គ ២៤ ក្រុម នាខែមិថុនា និង កក្កដា ឆ្នាំក្រោយ ប៉ុន្តែការរឹតបន្តឹង លើគោលនយោបាយ ទប់ស្កាត់ការរាតត្បាត ជំងឺកូវីដ-១៩ របស់ប្រទេសនេះ (ចិន) បានធ្វើឲ្យលទ្ធផល នៃការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានផ្លាស់ប្តូរវិញ។
AFC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ខណៈកាលពីពេល មុនកាលកំណត់ គឺនៅត្រឹមថ្ងៃទី៣០ ខែមិថុនា តែប៉ុណ្ណោះ។ តែពេលនេះ អ្វីៗត្រូវបានផ្លាស់ប្ដូរ ពីការចូលរួមដេញថ្លៃ របស់ពួកគេ នៅត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
កាលពីសប្តាហ៍មុន សមាគមបាល់ទាត់កូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួននឹងចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ ខណៈជប៉ុន បានឲ្យដឹងកាលពីខែឧសភាថា ខ្លួនបានទាក់ទងក្រៅផ្លូវការ ស្តីពីការអាចជំនួសចិន ក្នុងការធ្វើជាម្ចាស់ផ្ទះនេះដែរ។
សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី បានលើកឡើងថាៈ ខ្លួនក៏កំពុងតែថ្លឹងថ្លែង អំពីការចូលរួមដេញថ្លៃ សម្រាប់ព្រឹត្តិការណ៍នេះដែរ៕/V