​ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទាប​សកម្ម (Active low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃទី​២៨ បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ ធី​ឌី (TD) នៅ​ថ្ងៃទី​២៩ ខែមិថុនា ហើយ​វា​អាច​ក្លាយ ទៅជា​កូន​ព្យុះ នៅ​ថ្ងៃទី​១ ខែកក្កដា ដោយ​ដើរកាត់​លើ​កោះ​ហៃណាំ ចូលទៅក្នុង​ឈូង​សមុទ្រ តុងកឹង មុននឹង​ទៅដល់​ដីគោក នៅ​ម្តុំ​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​។ បាតុភូត នេះ នឹង​បង្កឱ្យមាន​ខ្យល់​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​មាត់ សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ភាគ​ឦសាន​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ប្រទេស​កម្ពុជា នៅថ្ងៃនេះ (២៩​មិថុនា​) ចាប់ផ្តើម​មាន​ខ្យល់​ខ្លាំង ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម (Active low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ ធី​ឌី (TD) ហើយ​អាច​ក្លាយទៅជា​កូន​ព្យុះ នៅ​ថ្ងៃទី​១ ខែកក្កដា ដោយ​ដើរកាត់​លើ​កោះ​ហៃណាំ ចូលទៅក្នុង​ឈូង​សមុទ្រ តុងកឹង មុននឹង​ទៅដល់​ដីគោក នៅ​ចន្លោះ​ព្រំដែន​វៀតណាម និង​ប្រទេស​ចិន​។​

​អ្នកនាំពាក្យ ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ បាតុភូត​ខាងលើ អាច​វិ​វត្ត ទៅជា​កូន​ព្យុះ ក្នុង​រយៈពេល​ខ្លី ដោយសារ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នឹងមាន​បាតុភូត​ថ្មី មួយទៀត កើតឡើង ហើយ​ស្រូប​ទាញ​វា (​កូន​ព្យុះ​ទី​៣)​។ វិ​សម្ពាធ ឬ កូន​ព្យុះ​ទី​៣ នេះ បង្កឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​មាត់ សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៨ ខែមិថុនា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​ធាតុអាកាស​ធាតុ សម្រាប់​ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​ថា ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយទៀត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នឹង​វិ​វត្ត​ខ្លួន ជា​បន្តបន្ទាប់ ទៅជា​ព្យុះ​ទី​៣ ដោយមាន​ដំណើរ ឆ្ពោះ ទៅកាន់​កោះ​ហៃណាំ​។​

​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អ​អ្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី តិច​ទៅ​បង្គួរ ក្នុងនោះ ក៏​នឹង​អាចមាន​ភ្លៀង​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​វាលទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​៕/V​