​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តុលាការ​ក្រុង​ប៉ារីស​បាន​សម្រេច​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​ថា​រដ្ឋាភិបាល​បារាំង​បាន​ខកខាន​ក្នុងការ​ស្តុក​ទុក​ម៉ាស់​ឱ្យបាន​គ្រប់គ្រាន់​នៅ​ដើមទី​ដំបូង​នៃ​ជំងឺ​​រាតត្បាត​នៅ​ឆ្នាំ ២០២០ និង​ទប់ស្កាត់​មេរោគ​កុំឱ្យ​រីក​រាលដាល​។​

​សេចក្តីសម្រេច​នេះ​បាន​កើតឡើង​នៅពេល​ដែល​ចំនួន​នៃ​ការឆ្លង​មេរោគ​បំប្លែង​ថ្មី​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​។ គេ​មិន​ច្បាស់​ភ្លាមៗ​ថា​តើ​ការសម្រេច​នេះ​នឹង​ឈានដល់​ការដាក់ទណ្ឌកម្ម​ជាក់លាក់​ណាមួយ​សម្រាប់​រដ្ឋាភិបាលនោះទេ​។​

​មន្ត្រី​នៅ​ទូទាំង​ប្រទេស​បារាំង​កំពុង​សញ្ជឹងគិត​អំពី​វិធានការ​ថ្មី រួម​ទាំង​ការពាក់​ម៉ាស់​ក្នុង​អគារ​ជា​ចាំបាច់​នៅក្នុង​ទីក្រុង​មួយចំនួន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប៉ុន្តែរ​ក្សាសេដ្ឋកិច្ច​​ឱ្យ​បើកចំហ ចំ​ពេល​រដូវ​ទេសចរណ៍​ចូល​មកដល់​នា​រដូវក្តៅ​នេះ​។​

​សេចក្តីសម្រេច​របស់​តុលាការ​បាន​និយាយថា “​រដ្ឋាភិបាល​មាន​កំហុស​ចំពោះ​ការខកខាន​ក្នុង​ការធានា​ឱ្យបាន​គ្រប់គ្រាន់​នូវ​ម៉ាស់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ភ្នាក់​​ងារ​មេរោគ​ផ្លូវដង្ហើម​ដែល​ឆ្លង​ខ្លាំង​”​។​

​តុលាការ​រដ្ឋបាល​នៅ​ទីក្រុង​ប៉ារីស​ក៏​បាន​កាត់​សេចក្តី​ដែរ​ថា រដ្ឋាភិបាល​ខុសឆ្គង​ណាស់ ដែល​លើកឡើង​នៅ​ដើមដំបូង​នៃ​វិបត្តិកូ​វីដ​១៩​ថា ម៉ាស់​មិន​អាច​ការពារ​មនុស្ស​ពី​ការឆ្លង​វីរុស​បានទេ​។​ប៉ុន្តែ​​តុលាការ​បាន​និយាយថា កំហុស​របស់​រដ្ឋាភិបាល​មិនមែន​ជា​ប្រភព​នៃ​ករណី​ឆ្លង​ជាក់លាក់​នៃ​មេរោគ​កូរ៉ូណា​នោះទេ​។​

​រដ្ឋាភិបាល​បារាំង​ទំនងជា​មិន​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​ថ្មី​ណាមួយ​ឡើយ រហូត​ទាល់តែ​រដ្ឋាភិបាលចម្រុះ​ថ្មី​ត្រូវបាន​បង្កើត​ឡើង​បន្ទាប់ពី​ការបោះឆ្នោត​សភា​របស់​បារាំង​កាលពី​ដើមខែ​នេះ ដែល​ក្នុងនោះ​បក្ស​របស់​លោក​ម៉ា​ក្រុង​បាន​បាត់បង់​សំឡេង​ភាគច្រើន​៕

ចំនួន​នៃ​ការឆ្លង​មេរោគ​បំប្លែង​ថ្មី​កំពុង​កើនឡើង​យ៉ាង​ខ្លាំងនៅបារាំង