​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ដោយ​គ្មាន​អ្នក​កាន់​ដៃចង្កូត​សោះ រថយន្ត​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Baidu Inc.​កំពុងបើក​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង នៅពេល​ឧបករណ៍​ចាប់​សញ្ញា​របស់​វា​ឃើញ​កែងរទេះ​មួយ​លោត​ចូល​ផ្លូវរបស់​វា​។​

​ឡាន​តាក់ស៊ី​នេះ​បាន​ឈប់​នៅ​ចម្ងាយ​ពី​រទេះ​នោះ​ប្រហែល​កន្លះ​ឡាន​។ សំឡេង​ថត​ទុកជាមុន​បាន​ប្រាប់​ទៅ​អ្នកដំណើរ​យ៉ាង​ដូច្នេះ​ថា «​សុំទោស​»​។ ដៃចង្កូត​បាន​បញ្ជា​ដោយ​ខ្លួន​វា ខណៈ​តាក់ស៊ី​បើក​ចៀសរ​ទេះនោះ​។ អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន Baidu អង្គុយ​មើល​ពី​កៅអី​អ្នកដំណើរ​ខាងមុខ​។​

​ក្រុមហ៊ុន Baidu គឺជា​គូ​ប្រជែង​ដ៏​លេចធ្លោ​បំផុត​របស់​ចិន​នៅក្នុង​ការ​ប្រណាំងប្រជែង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្វយ័ត​ជា​គូប្រជែង​ផ្សេងៗ ដូចជា​ក្រុមហ៊ុន Waymo របស់​ក្រុមហ៊ុនមេ Alphabet Inc.​និង​ក្រុមហ៊ុន Cruise របស់​ក្រុមហ៊ុនមេ General Motors Co.​ដើម្បី​ប្រែក្លាយ​បច្ចេកវិជ្ជា​អនាគត​របស់​ពួកគេ​ទៅ​ជា​ផលិតផល​ប្រើប្រាស់​។​

​ក្រុមហ៊ុន Baidu និង គូប្រជែង គឺ​ក្រុមហ៊ុន Pony.ai បាន​ទទួល​អាជ្ញាប័ណ្ណ​ដំបូង​នៅ​ប្រទេស​ចិន​កាលពី​ខែ​មេសា ដើម្បី​ដំណើរការ​តាក់ស៊ី​គ្មាន​មនុស្ស​បើក​ប៉ុន្តែ​ត្រូវមាន​អ្នកត្រួតពិនិត្យ​សុវត្ថិភាព​​អង្គុយ​ក្នុង​ឡាន​។ រឿង​នោះ​បាន​កើតឡើង ១៨ ខែ​បន្ទាប់​ពី​ក្រុមហ៊ុន Waymo បានចាប់ផ្តើម​សេវាកម្ម​រថយន្ត​គ្មាន​អ្នកបើកបរ​នៅ​ទីក្រុង​ហ្វូ​និក (Phoenix) រដ្ឋ​អា​រី​ហ្សូ​ណា កាលពី​ខែ​តុលា​ឆ្នាំ ២០២០ ។​

​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០០ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ម៉ាស៊ីន​ស្វែងរក​លើ​អ៊ី​ន​ធឺ​ណេត ក្រុមហ៊ុន Baidu បាន​ពង្រីក​ទៅ​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) បន្ទះ​ឈីប និង​បច្ចេកវិជ្ជា​ផ្សេង​ទៀត​ជាច្រើន​។ ក្រុមហ៊ុន​បាន​និយាយថា យានជំនិះ​ស្វយ័ត​របស់​ខ្លួន​អាចធ្វើឱ្យ​ការបើកបរ​កាន់តែ​ថោក កាន់តែ​ងាយស្រួល និង​កាន់តែ​មាន​សុវត្ថិភាព ប្រសិនបើ​ទទួលបាន​ជោគជ័យ​។​

​លោក វៃ ទុង (Wei Dong) អនុប្រធាន Intelligent Driving Group នៃ​ក្រុមហ៊ុន Baidu បាន​និយាយថា “​យើង​ជឿ​ថា​គោលដៅ​កំពូល​នៃ​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ​គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​មនុស្ស​”​។​

​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​គឺជា​បច្ចេកវិជ្ជា​មួយ​ក្នុងចំណោម​បច្ចេកវិជ្ជា​កំពុង​រីកចម្រើន​ជាច្រើន រាប់​ចាប់ពី​បញ្ញា​សិប្ប​និមិត្ត​រហូតដល់​ថាមពល​កកើត​ឡើងវិញ ដែល​ក្រុមហ៊ុន​ចិន​នានា​កំពុង​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ការព្យាយាម​បង្កើត ដោយ​មាន​ការជំរុញ​បន្ថែម​ពី​បក្ស​កុម្មុយនីស្ត​កាន់អំណាច​។​

​ទីក្រុង​ប៉េកាំង​ចង់​ចូលរួម​ជាមួយ​សហរដ្ឋ​អាម៉េរិក អឺរ៉ុប និង​ជប៉ុន​នៅក្នុង​ចំណោម​មហាអំណាច​បច្ចេកវិជ្ជា ដើម្បី​កសាង​ភាពរុងរឿង និង​ឥទ្ធិពល​ពិភពលោក​របស់​ខ្លួន​។ រឿង​នេះ​បាន​បង្កើត​នូវ​លទ្ធភាព​នៃ​ការច្នៃប្រឌិត​ថ្មី ប៉ុន្តែ​ក៏​បាន​បញ្ឆេះ​ភាព​តានតឹង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​របស់​ខ្លួន​ដែរ ដែល​មើល​ឃើញ​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​របស់​ពួកគេ​៕

​អ្នកបច្ចេកទេស​អង្គុយចាំ​ត្រួតពិនិត្យ​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​រថយន្ត​ផលិត​ដោយ​ក្រុមហ៊ុន Baidu នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​១៤​មិថុនា ឆ្នាំ​២០២២