ដោយៈមុនីរ័ត្ន/​ភ្នំពេញ៖នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២២​នេះ​កងយោធពល​ខេមរភូមិន្ទបាន​យកចិត្តទុកដាក់​ពុះពារ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​តា​ម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ភារកិច្ច​ជាក់ស្ដែង​ចំពោះ មុខ​ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​ធំៗ​គួរឱ្យកត់សម្គាល់ និង​បន្ត​ពង្រឹង​កិច្ចការ​ការពារជាតិ​លើ​គ្រប់​វិស័យ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី​។ ហើយ​បាន​ម្ចាស់ការ និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ធ្វើការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​បទល្មើស​គ្រប់​ប្រភេទ និង ភាពអនាធិបតេយ្យ​ផ្សេងៗ​។

រូបថត៖នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការនៃ​ក្រសួងការពារជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ​​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​នេះដូចនេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការនៃ​ក្រសួងការពារជាតិ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គលេខាធិការ និង​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​មួយចំនួនទៀត។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ ​បាន​បញ្ជាក់ថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ពុះពារ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​តា​ម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ភារកិច្ច​ជាក់ស្ដែង​ចំពោះ មុខ​ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ការងារ​ធំៗ​គួរឱ្យកត់សម្គាល់​។ កងយោធពល​ខេមរភូមិន្ទ​បាន បន្ត​ពង្រឹង​កិច្ចការ​ការពារជាតិ​លើ​គ្រប់​វិស័យ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី​។ កងយោធពល​ខេមរភូមិន្ទ បាន​ម្ចាស់ការ និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ធ្វើការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​បទល្មើស​គ្រប់​ប្រភេទ ភាពអនាធិបតេយ្យ​ផ្សេងៗ ព្រមទាំង​បាន​ចូលរួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូ​ជាតិ គណៈប្រតិភូ​អន្តរជាតិ ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងនាម​ប្រធាន​អាស៊ាន​ប្តូរ​វេន និង​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ទៅធ្វើ​បុណ្យទាន ការលេង​ល្បែង​ប្រពៃណី​ផ្សេងៗ និង​ការធ្វើដំណើរ​កម្សាន្ត​នៅ​គ្រប់ទិសទី​ទូទាំងប្រទេស ប្រកបដោយ​សុវត្ថិភាព និង​សេចក្ដី​សប្បាយរីករាយ ពិសេស​ការចូល​រួមកា​រពារ​សន្តិសុខ​ជុំវិញ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​វាយតម្លៃថា មាន​លក្ខណៈ​ប្រជាធិបតេយ្យ តម្លាភាព ស្ងប់ស្ងាត់ សន្តិភាព និង​អហិង្សា​។​

​អ្នកនាំពាក្យ​បាន​បន្តថា ក្រៅពីនេះ កងយោធពល​ខេមរភូមិន្ទ បាន​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នានា​គោរព និង​អនុវត្ត បទបញ្ជា​បង្ក្រាប​សកម្ម​ភាព​កាប់​ទន្ទ្រាន​កាន់កាប់​ដី ការនេសាទ​ខុសច្បាប់ ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​សកម្មភាព​គេចពន្ធ​ទទួលបាន​នូវ​លទ្ធផល​ល្អ​។ កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ហ្វឹកហ្វឺន ការងារ​អប់រំ​ចិត្ត​សា​ស្ត នយោបាយ ការងារ​កសាង​បែបបទ​យោធិន​ចូលនិវត្តន៍ និង​ប្រភេទ​២ ការងារ​កសាង​ច្បាប់ និង​លិខិតបទដ្ឋាន​ផ្សេងៗ ព្រមទាំង​ការងារ​មួយចំនួនទៀត​ដោយ​សម្រេចបាន​នូវ​លទ្ធផល​ល្អ​។ កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ តាម​យុទ្ធសាស្ត្រ​-​ផ្កា​រីក ស្រោច​ទៅដល់​ប្រជាពលរដ្ឋ បាន​ដំណើរការ​ទទួលបាន​ល​ទ្ធ​ផល​ល្អ និង​ទំនុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​បញ្ជាក់ថា ការបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រអង្គការ សហប្រជាជាតិ កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​រក្សា​នូវ​ស្នាដៃ​មុខជំនាញ​នីមួយៗ ដែលមាន​ការទទួលស្គាល់​ពី មន្ត្រីអង្គការសហប្រជាជាតិនានា នៅក្នុង​តំបន់​បេសកកម្ម​។ បើ​ផ្អែក​តាម​ការវាយតម្លៃ​រប​ស់ អង្គការសហប្រជាជាតិ​នា​ចុងឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​លំដាប់​លេខ ២៨/១២២ នៃ​ប្រទេស​បរិច្ចាគ​កងកម្លាំង ឯ​ការចូលរួម​របស់​នារី​ទទួលបាន​លំដាប់​លេខ​១៣/១២២ នៃ​ប្រទេស​បរិច្ចាគ​កងកម្លាំង ចំណែក​នៅក្នុង​សហគមន៍​អាស៊ាន​កម្ពុជា​ទទួលបាន​លំដាប់​លេខ​៣ ឯ​ការចូលរួម​របស់​នារី​បន្ត​ទទួលបាន​លំដាប់​លេខ​២​។ ទន្ទឹមនេះ​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្តេជ្ញា​បន្ត​បញ្ជូន​កម្លាំង​កងយោធពល​ខេមរភូមិន្ទ ទៅ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ និង​ជំរុញ​យោធិន​នារី​ចូលរួម​ឲ្យ​បាន​ពី ១៥ភាគរយទៅ ២០ភាគរយ​។​

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន កម្ពុជា​បាន​ចាត់តាំង​ការប្រជុំ​ដោយផ្ទាល់ ដែល​អាក់ខាន​រយៈពេល ២​ឆ្នាំកន្លងមក នាំ​ឲ្យ​មានការ​អបអរ​គាំទ្រ និង​កោតសរសើរ​ខ្ពស់​ពី​សមាជិក​អាស៊ាន និង​អាស៊ាន​បូក ដូចជា​៖ កិច្ចប្រជុំ​ប្រតិបត្តិការ​យោធា​អាស៊ាន​លើក​ទី​១២ និង​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន​លើក​ទី​១៩ កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​១៩ កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក ពិសេស​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ មាន​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់ រួមទាំង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​មី​យ៉ាន់​ម៉ា និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​ជប៉ុន បានបញ្ចប់​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ស្របតាម​ទិសដៅ​នៃ​ការជំរុញ​លើកកម្ពស់​សាមគ្គីភាព ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕​សរន