ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស ៥មករា «មន្ទីរពេទ្យលោកសង្ឃ» ដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរ ជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកម្ពស់ សោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង សមជារាជធានី ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះថាៈ អនុវត្តតាមការណែនាំ ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បាននិងកំពុងជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូជាបណ្ដើរៗ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស ៥មករា ដល់ផ្សារធំថ្មី ដោយឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងនោះមាន ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ ក្រោយពីកំណាត់ផ្លូវនេះ មានការខូចខាត ដោយកន្លែង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវជួសជុល និងអ៊ុតកៅស៊ូឡើងវិញ ទាំងស្រុងតែម្តង ។
ចំពោះការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ ពីការបញ្ចប់ការដ្ឋាន នៅពេលណានោះទេ ដោយលោក បានលើកឡើងថាៈ ពេលនេះ ជារដូវភ្លៀងធ្លាក់ យើងមិនអាចកំណត់ ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋាន គឺមិនអាចដំណើរការទៅកើតនោះទេ៕/V