ដោយៈ សរិទ្ធ / កណ្តាល: ជនសង្ស័យ ១៨ នាក់ ដែលក្លែងជាសង្ឃភេទ ហើយដែលតែងតែ ធ្វើសកម្មភាពដើរបិណ្ឌបាត្រ យកប្រាក់ពីប្រជាពលរដ្ឋ ជាពិសេសតាមតំបន់រោងចក្រ ដែលមានមនុស្សច្រើននោះ ឥឡូវនេះ បានត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារហើយ ។
លោក វ៉ាន់ សុបញ្ញា និងលោក ថោង ផល្លារង្សី ដែលលោកទាំងពីរ ជាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ ចំនូន ១៨ នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន កាលពីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ការសម្រេចឃុំខ្លួនក្រុមសង្ឃក្លែងក្លាយទាំងនេះ គឺបន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «ឆបោក ស្លៀកពាក់បែប ព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិប្រើប្រាស់ ឯកសារសាធារណៈក្លែង និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៣៧៧ , មាត្រា ៣៧៨ និងមាត្រា ៥០៨ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ បទល្មើសទាំងនេះ បានប្រព្រឹត្តជាបន្តបន្ទាប់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ច បានឱ្យដឹងថាៈ កម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ បានទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា ឃើញមានរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បានដឹកព្រះសង្ឃមួយចំនួន ហើយចុះបិណ្ឌបាត្រ នៅមុខរោងចក្រ តាមបណ្ដោយផ្លូវលេខ៥១ ។ ក្រោយពីទទួលបានព័ត៌មាន ប៉ុស្ដិ៍នគរបាល ទួលព្រេជ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកអង្គស្នួល បាននិមន្តព្រះសង្ឃ ទៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី ។
ក្រោយពីការសួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថា ខ្លួន និងបក្ខពួក មិនមែនជាព្រះសង្ឃ ពិតប្រាកដឡើយ ដោយខ្លួននិងបក្ខពួក បានពាក់ស្បង់ចីវរ ជាព្រះសង្ឃ ដើម្បីបិណ្ឌបាត្រយកបច្ច័យ មកដោះស្រាយជីវភាព ក្នុងគ្រួសារប៉ុណ្ណោះ៕/V