ដោយៈ ស​រិ​ទ្ធ / កណ្តាល​: នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​បាន​យក​កាំបិត​ខ្វែវ កាប់​ជនរងគ្រោះ ពីរ​នាក់ បណ្តាលឱ្យ​របួសធ្ងន់​ធ្ង​រ​។ ហេតុការណ៍ នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ ជនរងគ្រោះ ចំនួន​ពីរ​នាក់​នោះ ១-​ឈ្មោះ ផាន់ វណ្ណា ភេទ​ស្រី អាយុ ៦៦ ឆ្នាំ មុខរបរ​កសិករ (​របួស​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​) និង​២-​ឈ្មោះ អ៊ំ សារ៉ន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ។ អ្នក​ទាំងពីរ មាន លំនៅ នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល (​របួស​ដៃ​ទាំងសងខាង​) ។ ចំណែក​ជនសង្ស័យ ឈ្មោះ វី វុទ្ធី ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថាៈ នៅ​មុនពេល​កើតហេតុ ជនសង្ស័យ បាន​អង្គុយ​ផឹកស្រា​បៀរ នៅផ្ទះ​របស់ខ្លួន ជាមួយ​អ្នកជិតខាង បីនាក់ ។ ពេល​ជនសង្ស័យ​ផឹក​អស់​ចំនួន ២ កំប៉ុង ស្រាប់ តែ​ជនរងគ្រោះ អ៊ំ សារ៉ន បាន​ជិះ​ម៉ូតូ​ម៉ាក Honda Dream C125 ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល 1AM-7233 ឌុប​ឈ្មោះ រុន ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ជិះ​ចូលទៅក្នុង ទីធ្លា​ផ្ទះ​របស់​ជនសង្ស័យ ហើយ​បាន​ឈប់​សួរ​ឈ្មោះ អ៊ុន ច្រឹប​ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ពី​រឿង ថា ឱ្យ​ខ្លួន​យក​ម៉ូតូ មួយគ្រឿង ម៉ាក Suzuki Lets របស់​ឈ្មោះ បឿន ទៅ​បញ្ចាំ តែ​ឈ្មោះ អ៊ុន ច្រឹប បាន​ឆ្លើយថា ខ្លួន​មិនបាន​និយាយ​អី​ទេ ស្រាប់តែ​ជនសង្ស័យ បានមក​ស្តីបន្ទោស​ជន​រង គ្រោះ និង​បាន​ជេរប្រមាថ​ថែមទៀត ។ ឃើញ​ដូច​នោះ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន បាន​ជិះ​ម៉ូតូ​ចេញ ហើយ​ឈប់​នៅក្បែរ​ផ្ទះ​របស់​ជនសង្ស័យ ។​

​បន្ទាប់មក ស្ត្រី​រងគ្រោះ ផាន់ វណ្ណា (​ត្រូវជា​ម្តាយក្មេក​របស់​ឈ្មោះ អ៊ំ សារ៉ន​) បាន​ដើរមក​សួរនាំ ពេលនោះ ជនសង្ស័យ និង​ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ក៏បាន​ឈ្លោះប្រកែក​ទាក់​ពាក្យ សម្តី​គ្នា ទៅវិញទៅមក ហើយ​ជនសង្ស័យ បាន​ស្ទុះ​ចូលទៅក្នុង​ផ្ទះបាយ យក​កាំបិត​ខ្វែវ មក​កាប់​លើ​ស្ត្រី​រងគ្រោះ ផាន់ វណ្ណា ជាច្រើន​កាំបិត បណ្តាលឱ្យ​របួស​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ ដួល​ទៅនឹង​ដី ។ ឃើញ​ដូច​នោះ ជនរងគ្រោះ អ៊ំ សារ៉ន បាន​រត់​ចូលទៅ​ដណ្តើម​កាំបិត​ខ្វែវ ពី​ជនសង្ស័យ តែ​ត្រូវ​ជនសង្ស័យ ដេញ​កាប់ បណ្តាល​ឲ្យ​ដួល ។ ពេលនោះ ជនសង្ស័យ បាន​កាប់​មកលើ​ជនរងគ្រោះ ជាច្រើន​កាំបិត​ទៀត បណ្តាលឱ្យ​របួស​ដៃ​ទាំងសងខាង រួច​ជនរងគ្រោះ បាន​ងើប​រត់​ឱ្យគេ​ជួយ ។ ភ្លាមនោះ បងប្អូន​ជនរងគ្រោះ បាន​យក​ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​អូររូង ស្រុក​បាទី ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទ្រា បាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កណ្ដាលស្ទឹង ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ ៕/V