​ដោយៈ ស​រិ​ទ្ធ / កណ្តាល​: នារី​បម្រើ​ការងារ នៅ​ហាង​ខារ៉ាអូខេ​ម្នាក់ បានសម្រេច​ចិត្ត​ចងក បញ្ចប់ជីវិត នៅក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​លេខ​H5 ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ពាក់ព័ន្ធ​នឹង​ការចងក ធ្វើអត្តឃាត​នេះ មិនទាន់មាន​ប្រភព​ណាមួយ បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ នៅឡើយ ខណៈ​អ្នកជិតខាង​មួយចំនួន បានដាក់​ការសង្ស័យថា ដោយសារ​នាង​ខូចចិត្ត រឿង​ស្នេហា ។

​លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថាៈ នារី​ដែល​ធ្វើ អត្តឃាត ឈ្មោះ ព្រុំ រ៉ា ហៅ យ៉ា អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ខារ៉ាអូខេ ស្នាក់នៅ​បន្ទប់​ផ្ទះជួល ក្នុងភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។​

​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថាៈ តាម​ការបំភ្លឺ​ពីសា​ក្សី​ឈ្មោះ ឈន កញ្ជ​នា ភេទ​ស្រី ដែល​ស្នាក់នៅ​បន្ទប់​ជួល ទល់មុខ​គ្នា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ ៧​យប់ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ចែ​អូន ជាជាង​អ៊ុតសក់ នៅខាងមុខ​ផ្លូវធំ បាន​ឲ្យ​ខ្លួន​ទៅ​ជួយ​មើល អា​យ៉ា ដែលជា​អត្តឃាត​ជន ក្រែង​នាង​ឈឺ បន្ទាប់មក ក៏មាន​ការសង្ស័យ ដោយ​មិនឃើញ​នាង ចេញទៅ​ធ្វើការ ដូច​រាល់ដង ក៏បាន​ដើរ​ចេញពី​បន្ទប់ សំដៅ​ទៅរក​បន្ទប់​រប​ស់​អត្តឃាត​ជន ដោយ​គិតក្នុងចិត្ត​ថា កូន​ហ្នឹង​បើ​ឈឺ​ល្មមៗ ដើរចេញ​ទៅធ្វើ​ការ​ហើយ នេះ​ប្រហែល​ឈឺ​ធ្ងន់​ហើយ មើលទៅ ទើប​មិនឃើញ​ចេញ ពី​បន្ទប់​សោះ ហើយក៏​លូកដៃ​ទៅ​ប៉ះ​ទ្វារ​បន្ទប់ ដោយ​ពុំ​បានដាក់​គន្លឹះ​ពី​ខាងក្នុង​ទេ និង​បាន​ក្រឡេកមើល​ទៅខាង​កន្លែង​ដេក តែ​មិនឃើញ​អត្តឃាត​ជន ។ បន្ទាប់មក នាង​ក៏​រុញ​ទ្វារ​បើក​ឲ្យ​ធំ ស្រាប់តែ​ប្រទះឃើញ​អត្តឃាត​ជន បាន​ចងក​នឹង​ក្រមា ជាប់​ស្នួល​វាំងនន ធ្វើ​អំពី​ដែក​អ៊ី​ណុ​ក ។
​ភ្លាមនោះ នាង​ក៏បាន​ស្រែក​យ៉ាងខ្លាំង ហៅ​ឲ្យ​អ្នកជិតខាង ឱ្យជួយ​ទៅ​មើល ទើប​ដឹងថា អត្តឃាត​ជន បាន​ស្លាប់​បាត់ទៅហើយ ។ បន្ទាប់មក ក៏បាន​រាយការណ៍ ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ផ្នែក​ជំនាញ ចុះមក​ពិនិត្យ ។

​លោក​អធិការ បានបញ្ជាក់​ថាៈ ក្រោយ​ទទួលបាន​ព័ត៌មាន សមត្ថកិច្ច​ផ្នែក​ជំនាញ ពិនិត្យ​វិភាគ កន្លែងកើតហេតុ ក្រុង​តាខ្មៅ ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ បាន​សហ​ការចុះពិនិត្យ ទៅលើ​សាកសព​អត្តឃាត​ជន ហើយ​បាន​សន្និដ្ឋានថា នារី​នោះ គឺ​ស្លាប់​ដោយសារ​អត្តឃាត (​ចងក​) ប្រាកដ​មែន​៕/V