ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ លើប្រភេទកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) ដែលជាប្រភេទតេក្វាន់ដូ របស់ប្រទេសកូរ៉េខាងជើងនោះ បានបញ្ចប់ការប្រកួត នាល្ងាចថ្ងៃទី២៨ មិថុនា ម្សិលមិញនេះហើយ។
លោក អ៊ុក ឌីម៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និងលោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានអញ្ជើញចូលរួមបំពាក់មេដាយ ក្នុងពិធីបញ្ចប់ការប្រកួតនេះ ។
អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF លោក បួនហ៊ីង សុធីយ៉ា បាននិយាយថាៈ ” ចំពោះការចូលរួមការប្រកួតវិញ្ញាសាកីឡាតេក្វាន់ដូ ITF មានសាកលវិទ្យាល័យ និងវិទ្យាស្ថាន ចំនួន ៧ ចូលរួម និងមានកីឡាករ ៣៥ នាក់ កីឡាការិនី ២៦ នាក់ សរុបចំនួន ៦១ នាក់ ការប្រកួត ចែកជាពីរ ផ្នែកធំៗ មាន ១៣ វិញ្ញាសា ជារួមមាន វិញ្ញាសាមេគុន មាន៤ ដោយប្រកួតតាមរូបមន្តវិលជុំ និងវិញ្ញាសាប្រយុទ្ធ មាន ៩ ប្រភេទទម្ងន់ ដោយប្រកួតតាម រូបមន្តវិលជុំ សម្រាប់ការប្រកួតសរុបទាំង ១៣ វិញ្ញាសា ស្មើនឹង ១៣៣ ប្រកួត រីឯលទ្ធផល ខ្ញុំបាទ និងជម្រាបជូន នៅពេលចែកពាន និងរង្វាន់ ដល់ជ័យលាភី ” ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចៅក្រម អាជ្ញាកណ្តាល ដឹកនាំការប្រកួត នៅលើទីលាន មានតម្លាភាព និងសុក្រិត្យភាព អាចទទួលយកបាន និងអាចធ្វើជាម្ចាស់ការ ក្នុងការដឹកនាំ ការប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ និងឆ្លងតាមការប្រកួត កីឡាករ កីឡាការិនី ខិតខំប្រឹងប្រែង ប្រកួតដោយឈរលើស្មារតីកីឡា និងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែង បានត្រឹមត្រូវ និងមានក្រមសីលធម៌។ អ្វីដែលនៅបន្តឈ្មុសឈ្មុលបន្តទៀតនោះ គឺសហព័ន្ធ នៅពុំទាន់មានឧបករណ៍បច្ចេក ទេសតាមបទដ្ឋានអន្តរជាតិ (ឧបករណ៍អេឡិចត្រូនិក) សម្ភារ ប្រកួតរបស់កីឡាករ នៅមានកម្រិត និងទីលានតូចចង្អៀតមិនស្របតាមស្តង់ដាបច្ចេកទេស។
បន្ទាប់ពីបញ្ចប់ការប្រកួតនេះ យើងពិនិត្យឃើញថា កីឡាករ-កីឡាការិនីជានិស្សិត និងសិស្សមធ្យមសិក្សា មានបច្ចេកទេសល្អ មានទេពកោសល្យ និងមានសមត្ថភាព មាអន្តរជាតិនានាបាន។
លោក ផាន់ វណ្ណរ័ត្ន បានមានប្រសាសន៍ថាៈ សហព័ន្ធបានដាក់ឲ្យចូលរួមការប្រកួតលើកនេះ សុទ្ធសឹងជាវិញ្ញាសា មានប្រជាប្រីយភាព និងមានសក្ដានុពល ដើម្បីសំលាង និងដុសខាត់ សមត្ថភាពកីឡាករ កីឡាការិនី ក៏ដូចជា ដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស ដើម្បីរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
ការផ្តល់ឱកាសពីក្រសួងអប់រំ យុវជន និងកីឡា ជាឱកាសសម្រាប់ប្អូនៗ ជាកីឡាករ -កីឡាការិនី ជានិស្សិត និងសិស្សមធ្យមបច្ចេកទេស បានវាស់ស្ទង់កម្រិតបច្ចេកទេស និងការអនុវត្តជាក់ស្តែង នៅលើទីលាន ដូច្នេះតាមការប្រកួតនេះ ធ្វើកីឡាករ-កីឡាការិនី និងទទួលបានបទពិសោធន៍ថ្មីៗ បន្ថែមទៀត៕/V