ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ ប្រជែង​បាន​មេដាយ ច្រើនជាងគេ ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) ក្នុង​ព្រឹត្តិការណ៍​ប្រកួត កីឡា​និស្សិត​ឆ្នាំ​២០២២ នេះ ។​

​ក្នុង​ពិធី​បិទ​ការប្រកួត កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ លោក ប៉ែន វុទ្ធី អនុប្រធាន នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការរង​សហព័ន្ធ បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​។​

​លោក ប៉ែន វុទ្ធី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការប្រកួត​នេះ ដែលមាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី ជា​និស្សិត សបញ្ជាក់​ឲ្យ​ឃើញ ពិការ​រីកចម្រើន​មួយកម្រិត​ទៀត លោក​អនុប្រធាន នាយកដ្ឋាន ក៏បាន​ជំរុញ និង​លើកទឹកចិត្ត ទាំង​កីឡាករ​-​កីឡាការិនី ដែលមាន​វត្តមាន នៅទីនេះ​ទាំងអស់ ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​ខ្លួន ក្លាយជា​កីឡាករ កីឡាការិនី មានគុណ​ផល​ខ្ពស់ និង​ឈានទៅ​ប្រកួត​ស្មើមុខ​មាត់ លើ​ឆាក​អន្ដរជាតិ​។ ការប្រកួត កីឡា​នេះ តម្រូវ​ឲ្យ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ ការគោរពវិន័យ គោរព​បទបញ្ជា​បច្ចេក​ទេស ចេះ​យោគយល់ អធ្យាស្រ័យ ទើប​អាច​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​ភាតរភាព ដែលជា​គំរូ​មួយ​ដ៏​ល្អប្រសើរ សម្រាប់​ប្រទេសជាតិ​យើង និង​ជៀស​ផុតពី អំពើ​អសកម្ម​ផ្សេងៗ នៅក្នុង​សង្គម ពិសេស​ជាងនេះទៀត​នោះ ឲ្យ​ស្របទៅតាម​លំនាំ នៃ​ការរៀបចំ ការប្រកួត​កីឡា​សាកលវិទ្យាល័យ មាន​លក្ខណៈ​ជា​ហ្គេម (GAMES) ទៅនឹង​ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន (ASEAN University Games) ។​

​វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ ដណ្តើមបាន​មេដាយ ចំនួន​៩​គ្រឿង រួមមាន មេដាយមាស ៥​គ្រឿង មេដាយប្រាក់ ៣ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប ដណ្តើមបាន​មេដាយ ចំនួន​៥​គ្រឿង រួមមាន មេដាយមាស ៣​គ្រឿង មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង និង​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ ដណ្តើមបាន​មេដាយ ចំនួន​៣​គ្រឿង រួមមាន មេដាយមាស ១​គ្រឿង មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ១ គ្រឿង​៕/V​