​ប្រែ​សម្រួលៈ​បំណង​(ST)៖ រដ្ឋមន្ត្រីការបរទេស​ចិន​នឹង​ធ្វើ​ដំណើរ​ទៅកាន់​មី​យ៉ាន់​ម៉ា​នៅ​ចុង​សប្តាហ៍​នេះ​សំរាប់​ជំនួប​តំបន់​មួយ នេះ​បើ​តាម​អ្វី​ដែល​អ្នកនាំពាក្យ​របប​យោធា​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​​បារាំង​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​។​វា​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ក្រុង​ប៉េកាំង​ថ្នាក់​ខ្ពស់បំផុត​ចាប់តាំងពី​យោធា​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ឆ្នាំមុន​។​

​ចិន​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​មួ​យ​និង​ជា​សម្ពន្ធមិត្ត​របស់រប​ប​យោធា ហើយ​បាន​បដិសេធ​មិន​ព្រម​ចាត់ទុក​ការដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កាល​ពីដើ​ឆ្នាំ​មុន​ថា​ជា​រដ្ឋប្រហារ​​មួយ​ទេ​។​

​លោក​វ៉ាង យី នឹង​ធ្វើ​ទស្សនកិច្ច​មី​យ៉ាន់​ម៉ា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​របស់​មន្ត្រី​ការបរទេស​របស់​យន្ត​ការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាន នេះ​បើ​តាម​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា លោក ហ្សរ មីន ទុន​។​​តែ​ថា​លោក​មិន​ច្បាស់​ថា​តើ​នឹង​មាន​ជំនួប​មួយ​រវាង​លោក​វ៉ាង និង​ប្រមុខ​យោធា មីន អ៊ុង ហ្លាំង​ដែរ​ឬ​អត់​។​

​លោក​អ្នកនាំពាក្យ​បាន​បន្ថែមថា រដ្ឋមន្ត្រីការបរទេស​ទៅ​ពី​កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា​និង​វៀតណាម នឹងចូលរួម​កិច្ចប្រជុំ​ចាប់ពី​ថ្ងៃ​២​ដល់​៥​កក្កដា​នេះ​។​

​នៅពេល​បណ្តា​រដ្ឋាភិបាល​លោកខាងលិច​ដាក់ទណ្ឌកម្ម​ក្រោយ​រដ្ឋប្រហារ​និង​ការបង្ក្រាប​យ៉ាង​ហិង្សា​លើ​ជន​ប្រឆាំង របប​យោធា​កាន់តែ​ងាក់​ទៅ​ពឹង​លើ​សម្ពន្ធមិត្ត​ចិន​និង​រុស្ស៊ី​។​

​កាលពី​ខែ​មេសា ចិន​បាន​និយាយថា​ខ្លួន​នឹង​ជួយ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព​និង​បូរណភាព​ទឹកដី​មី​យ៉ាន់​ម៉ា​«​មិន​ថា​សភាពការណ៍​ផ្លាស់ប្តូរ​យ៉ាងណាទេ​»៕

​មន្ត្រី​មី​យ៉ាន់​ម៉ា​និយាយថា លោក​វ៉ាង យី នឹង​ធ្វើ​ទស្សនកិច្ច​មី​យ៉ាន់​ម៉ា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​តំបន់​មួយ តែ​មិនដឹងថា​នឹង​ជួប​មេដឹកនាំ​យោធា​នៃ​ប្រទេស​នេះ​ដែឬ​ឬ​អត់​