​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ថ្លែងថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​បំពេញ​តួនាទី​យ៉ាងសំខាន់​និង​បានរួម​ចំណែក​ដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌ ក្នុងការ​ជុំរុញ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដែនដី​ស្វាគមន៍​ការថត​ភាពយន្ត​ជាតិ និង​អន្តរជាតិ​។

​លោកស្រី​បាន​បន្ថែមថា មហោស្រប​នេះ​ក៏បាន​ជួយ​លើកកម្ពស់​កិ​តិ្ត​សព្ទ័​កម្ពុជា​ឲ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ក្នុង​បរិបទ​នៃ​សង្គម​ដែលមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ព្រមទាំង​ការអភិវឌ្ឍ​នៅ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ ។

​នា​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី​១១ ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​ចតុម្មុខ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ការថត​ភាពយន្ត​នៅ​កម្ពុជា CFC លោកស្រី រដ្ឋមន្ត្រី ក៏បាន លើកឡើង​ពី​សារៈសំខាន់​របស់​វិស័យ​ភាពយន្ត​ជូន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ចំនួន ២០​ទូត ផលិតករ​ភាពយន្ត​បរទេស​ចំនួន ៣០​នាក់ ផលិតករ សិល្បករ សិល្បការិនី​ក្នុងស្រុក សរុប​ចំនួន​ជាង ៧០០​នាក់​។

​ក្នុងឱកាស​នោះ លោកស្រី​បានផ្តល់​កិត្តិយស​ប្រគល់​ពានរង្វាន់​តារាភាពយន្ត​ឆ្នើម​ប្រចាំឆ្នាំ​ជូន លោក ហួត ស៊ីថន សម្តែង​ក្នុង​ភាពយន្ត​រឿង “​ប៊ូ​ឌី​ញ ស​” (White building) និង​ពានរង្វាន់​សិល្បៈករ​ឆ្នើម ជូន​លោក ម៉ាង សារិទ្ធ អ្នក​ច្នៃប្រឌិត​រូប​មនុស្ស​ដីឥដ្ឋ ក្នុង​ភាពយន្ត​រឿង “​គ្រប់យ៉ាង​នឹង​ប្រសើរ​” (Everything will be OK)​។

​សូមបញ្ជាក់​ជូន​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១​នេះ បាន​នាំមក​នូវ​ស្នាដៃ​ភាពយន្ត​ជាតិ និង​អន្តរជាតិ ចំនួន​១៤៤​ចំណងជើង មកពី​២៦​ប្រទេស រួមមាន​ភាព​ឯកសារ ភាពយន្ត​គំនូរជីវចល ភាពយន្ត​ខ្នាត​ខ្លី និង​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ ។ ក្នុងនោះ​ស្នាដៃ​ភាពយន្ត​របស់​កម្ពុជា​ចំនួន​៦២​ចំណងជើង ដែល​ផលិត​ដោយ​យុវ​ផលិតករ​វ័យក្មេង​កម្ពុ​ជា ក៏​នឹងត្រូវ​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ចូល​ទស្សនា​ដោយ​សេរី នៅតាម​ទីតាំង​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។


​ជាពិសេស ស្នាដៃ​ភាពយន្ត​រឿង “​គ្រប់យ៉ាង​នឹង​ប្រសើរ​” (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែល​បានទទួល​ពានរង្វាន់​ខ្លាឃ្មុំ​ប្រាក់​នៅក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង Berlin ២០២២, រឿង “​ប៊ូ​ឌី​ញ ស​” (White building) របស់លោក នាង កា​វិច ដែល​បានទទួល​ពានរង្វាន់​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​Venice, និង​ស្នាដៃ​ភាពយន្ត​របស់​ផលិតករ​កម្ពុជា​ផ្សេងទៀត​។ ជាមួយនេះ ភាពយន្ត​ដ៏​កម្រ​មកពី​ប្រទេស​អូស្ត្រាលី​ចំនួន ២០ ចំណងជើង ដែល​ផលិត​ពី​ឆ្នាំ ១៩៥៣ ដល់​ឆ្នាំ ២០២២ នឹងត្រូវ​បាន​ចាក់​បញ្ចាំង​នៅក្នុង​ព្រិ​ត្តិ​ការណ៍​មហោស្រព​នេះ ក្នុង​គោលបំណង​ចូលរួម​អប​សារ​ទ​ខួប​អនុស្សាវរីយ៍​លើក​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​អូស្ត្រាលី ផងដែរ​៕.mara