ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អូស្ត្រាលីកំពុងស្វែងរកមធ្យោបាយថ្មីដើម្បីគាំទ្រអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី នេះបើតាមនាយករដ្ឋមន្ត្រីស្តីទី។
ឧបនាយករដ្ឋមន្ត្រី រីឆាត ម៉ាឡេស (Richard Marles) បាននិយាយថា រហូតមកទល់ពេលនេះ អូស្ត្រាលីបានសន្យាផ្តល់ជំនួយជិត ៣០០ លានដុល្លារដល់អ៊ុយក្រែនទោះបីជាជំនួយទាំងអស់នៅមិនទាន់បានប្រគល់រួចក៏ដោយ។
ខណៈឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអូស្ត្រាលី លោក វ៉ាស៊ីល មីរ៉ូស្នីឈិនកូ (Vasyl Myroshnychenko) បានអំពាវនាវឱ្យមានការបញ្ជូនរថពាសដែក Bushmasterបន្ថែមទៀតទៅកាន់ប្រជាជាតិអឺរ៉ុបខាងកើតនេះ លោកម៉ាឡេសបានយល់ស្របថាការផ្តល់ជំនួយគឺជារឿងចាំបាច់។
រដ្ឋមន្ត្រីការពារជាតិបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាកាលពីថ្ងៃអង្គារទី២៨មិថុនាថា “យើងក៏កំពុងសម្លឹងមើលមធ្យោបាយបន្ថែម ដែលយើងអាចគាំទ្រដល់អ៊ុយក្រែនផងដែរ”។
“ខណៈអ៊ុយក្រែនស្ថិតនៅឆ្ងាយពីអូស្ត្រាលី យើងពិតជាមើលឃើញថា គោលការណ៍នានា ដែលប្រឈមហានិភ័យនៅក្នុងជម្លោះនេះដែលសំខាន់សម្រាប់សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់សកលដែលអូស្ត្រាលីគាំទ្រនិងជួយកសាងនិងការពារ គឺ ចាំបាច់ត្រូវការពារនៅគ្រប់ទីកន្លែង”។
ខណៈនាយករដ្ឋមន្ត្រី អានថូនី អាបានីស (Anthony Albanese) ថ្លឹងថ្លែងការអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសហែកហួរដោយសង្គ្រាមនេះ លោកមីរ៉ូស្នីឈិនកូបាននិយាយថាអូស្ត្រាលីគឺជាសម្ពន្ធមិត្តដ៏សំខាន់មួយរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកបានប្រាប់ទូរទស្សន៍ Sky News កាលពីថ្ងៃអង្គារថា “អូស្ត្រាលីកំពុងចូលរួមពាក់ព័ន្ធ។ វាមានទំនៀមទម្លាប់មួយនៅអូស្ត្រាលី ដែលប្រឆាំងនឹងឥរិយាបថគំរាមកំហែង ហើយនាយករដ្ឋមន្ត្រីអាល់បាណេសយល់រឿងនេះយ៉ាងច្បាស់”។
“(រដ្ឋាភិបាលថ្មី) មិនទាន់អាចប្រកាសអំពីកញ្ចប់ជំនួយថ្មីណាមួយបាននៅឡើយទេ ប៉ុន្តែខ្ញុំប្រាកដថា ជំនួយកំពុងដំណើរការ”៕
ជំនួយ៣០០លានដុល្លារសន្យាដោយអូស្ត្រាលីក៏រួមបញ្ចូលរថពាសដែក Bushmasterដែរ