ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក លី ធុច ទេសរដ្ឋមន្ត្រី និង ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា បាន​អញ្ជើញ​ជា​អ​ធិ​តី​ក្នុង​កម្មវិធី​យុទ្ធនា​ការអប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

​នាឱកាស​នោះ លោក បាន​ពាំ​នាំនូវ​សេចក្តី​នឹក​រំលឹក និង​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ ថែមទាំង​បានបញ្ជាក់​ទៀតថា សម្តេច​តេ​ជោ តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ និង​មិន​ចង់ឃើញ​ប្រជាពលរដ្ឋ​ណាមួយ​បន្ត​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​បន្ថែមទៀត​ទេ ដែល​មូលហេតុ​នៃ​ការគ្រោះថ្នាក់​នេះ គឹ​បណ្តាលមកពី​ការបែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ និង​ទុក្ខវេទនា​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​។

​លោក​បាន​បន្តថា ឆ្នាំ​១៩៩៨ គឺ​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជា​ស្ថាពរ​នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ ជា​ស្ថាបនិក​សន្តិភាព និង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ ដែល​នេះ​ជា​មេរៀន​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​សាមគ្គីភាព ឯកភាព ស្រឡាញ់​សន្តិភាព និង​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​ណែនាំ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​យល់​ពី​គុណ​តម្លៃ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​បណ្តុះ​មនសិការ​ស្នេហា​ជាតិ​។​

​លោក​បាន​បន្ថែមថា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លោក បាន​ពាំ​នាំនូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រតិបត្តិ​ករ និង​ប្រជាពលរដ្ឋ ដូចខាងក្រោម​៖
• ស្នើសុំ​ប្រតិបត្តិ​ករ​ទាំងអស់ ត្រូវខិតខំ​ឆ្លើយតប​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រមូល​និង​កំទេចចោល​គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​ប្រជាពលរដ្ឋ បាន​រាយការណ៍​។​
• ស្នើសុំ​បងប្អូន​ទាំងអស់ ចៀសវាង​ការរុករក​កាកសំណល់​អេតចាយ​ដែលជា​គ្រឿងផ្ទុះ ឬ​វត្ថុ​ដែល​សង្ស័យថា​ជា​គ្រឿងផ្ទុះ មិនត្រូវ​កែច្នៃ​គ្រាប់ ឬ​រំសេវ​ផ្ទុះ មិនត្រូវ​ប្រថុយប្រថាន​ចូលទៅ តំបន់​ដែល​មិន​ស្គាល់​ទីតាំង​ភូមិសាស្ត្រ ច្បាស់លាស់​ក្នុង​បំណង​ណាមួយ ដូចជា​ប្រើប្រាស់​ដី រុករក​អនុផល​ព្រៃឈើ ធ្វើដំណើរ​ឆ្លងកាត់ មិនត្រូវ ប៉ះពាល់​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាដាច់ខាត​។​
• ស្នើ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយ​ធ្វើ​ការអប់រំ​ការអប់រំ​យល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង និង​ក្រៅ​សហគមន៍​របស់ខ្លួន ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ពី​គ្រាប់​ទាំងនោះ​ជាយថាហេតុ​។​
• ស្នើ​នគរបាល​ប៉ុ​ស្ត​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទៅដល់​ប្រជាពលរដ្ឋ តាមរយៈ​វេទិកា​នានា ជាពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​៕.mara