ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីបំផុតអង្គការណាសាបានបាញ់បង្ហោះយានអវកាស CAPSTONE របស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ទី២៨មិថុនាដើម្បីសម្គាល់ដំណាក់កាលដំបូងដ៏សំខាន់នៅក្នុងកម្មវិធីអវកាស Artemis របស់ខ្លួន។
យានប៉ុនម៉ាស៊ីនម៉ៃក្រូវ៉េវនិងមានទម្ងន់ត្រឹមតែ ២៥ គីឡូក្រាមនេះបានបាញ់បង្ហោះចេញពីឧបទ្វីបម៉ាហ៊ីអា (Māhia)ប្រទេសនូវែលសេឡង់នៅម៉ោង ១០៖៥៥ ។
យាននេះនឹងសាកល្បងមើលស្ថិរភាពនៃគន្លងរាងពងក្រពើនៅជុំវិញព្រះចន្ទសម្រាប់រយៈពេលជាងប្រាំមួយខែ មុនពេលគន្លងនេះត្រូវបានប្រើប្រាស់ដោយយាន Lunar Gatewayដែលជាយានគោចរនៅគន្លងព្រះចន្ទរបស់ណាសា។
យាន Lunar Gateway ដែលគ្រោងនឹងបាញ់បង្ហោះនៅឆ្នាំ ២០២៤ នឹងបម្រើជា “តំបន់ដំណាក់កាល” សម្រាប់មនុស្សចុះចតលើឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេល ៥០ ឆ្នាំនិងមានសក្តានុពលក្លាយជាចំណុចសំចតសម្រាប់បេសកកម្មទៅកាន់ភពព្រះអង្គារផងដែរ។
យានអវកាស CAPSTONE ដែលដើមឡើយគ្រោងបាញ់បង្ហោះនៅខែតុលា ឆ្នាំ ២០២១ ត្រូវបានបញ្ជូនទៅកាន់ទីអវកាសនៅលើរ៉ុក្កែត “Electron” ដែលផលិតដោយក្រុមហ៊ុនអាម៉េរិក Rocket Lab ។
យាននេះមានលក្ខណៈពិសេសត្រង់ថា វានឹងធ្វើដំណើរលើគន្លងរាងពងក្រពើ ដែលនឹងនាំវាខិតជិតបំផុត ១.៦០០ គីឡូម៉ែត្រនិងឆ្ងាយបំផុត ៧០.០០០ គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ។
វានឹងប្រើប្រព័ន្ធរុញរបស់វាដើម្បីធ្វើដំណើរប្រហែលពីបីទៅបួនខែមុននឹងចូលទៅក្នុងគន្លងជុំវិញព្រះចន្ទ។ គន្លងមួយនឹងកើតឡើងរៀងរាល់ប្រាំពីរថ្ងៃម្តង៕
យានអវកាស CAPSTONE ត្រូវបានបាញ់បង្ហោះតាមរ៉ុក្កែត Electron កាលពីថ្ងៃអង្គារនៅឧបទ្វីបម៉ាហ៊ីអា ប្រទេសនូវែលសេឡង់