ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ជា​ស៊េរី​លើកទីមួយ ស្តីពី​ការយល់ដឹង​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់ អា​សិប (RCEP) និង​នីតិវិធី​សម្រាប់​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ក្រោម​វត្តមាន​របស់លោក​រដ្ឋ​មន្ត្រី ប៉ាន សូរ​ស័ក្តិ និង​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​តាម​វិស័យ​ដែល​ពាក់ព័ន្ធ​។​

​នៅក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​នេះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​គោលបំណង​ថា គឺ​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​នីតិវិធី​នៃ​ការនាំចេញ​ដល់​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការនាំចេញ និង​បញ្ជ្រាប​ការយល់ដឹង​អំពី​នីតិវិធី​នៃ​ការស្នើសុំ​វិញ្ញាបនបត្រ​ដើមកំណើត​ទំនិញ​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ព្រមទាំង​នីតិវិធី​ប្រតិបត្តិ​នៃ​ការបញ្ជាក់​ដើមកំណើត​ទំនិញ (Operational Certification Procedures)​។ លោក​បាន​បន្តថា កិច្ចព្រមព្រៀង អា​សិប បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ដែល​គ្របដណ្តប់​លើ ២០​ជំពូក រួមមាន​ជាអាទិ៍​៖ ពាណិជ្ជកម្ម​ទំនិញ វិធាន​ដើមកំណើត​ទំនិញ ពាណិជ្ជកម្ម​សេវា វិធាន​អនាម័យ​និង​ភូ​ត្ត​គា​ម​អនាម័យ ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយតម្លៃ​អនុលោមភាព (STRACAP) ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាដើម​។​

​លោក​បានលើកឡើង​បន្តថា កិច្ចព្រមព្រៀង​អា​សិប​នេះ មាន​សមាជិក​ចំនួន​១៥​ប្រទេស​រួមមាន ប្រទេស​ទាំង​១០​ដែលជា​សមាជិក​អាស៊ាន បូករួម​ជាមួយ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ចំនួន​៥​ប្រទេស​គឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូ​វែ​ល​ហ្សេ​ឡង់ ដែល​តំណាងឱ្យ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ពិភពលោក និង ២៨% នៃ​ពាណិជ្ជកម្ម​ពិភពលោក (​គិត​ត្រឹម​ឆ្នាំ​២០១៩)​។ ដោយឡែក អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចព្រមព្រៀង​នេះ គឺ​កំណើន​នាំចេញ​ចន្លោះ​ពី​៩,៤% ទៅ ១៨%, កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ចន្លោះ​ពី ២% ទៅ ៣,៨%, កំណើន​ការងារ​ពី ៣,២% ទៅ ៦,២%, និង​កំណើន​ចំណូល​ពន្ធ​ចន្លោះ​ពី ២% ទៅ ៣,៩% នេះ​បើ​យោងតាម​ការ​ព្យាករ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ាន​និង​អាស៊ី​បូព៌ា (ERIA)​។ កិច្ចព្រមព្រៀង​នេះ​ផ្តល់នូវ​ភាពអនុគ្រោះ​ខ្ពស់​លើ​សមាសធាតុ​តម្លៃ​តំបន់​ដែល​ត្រូវអនុវត្ត​ជាទូទៅ (​ធំ​ជាង​ឬ​ស្មើ​៤០%—RVC≥40%) និង​វិធាន​បូក​បន្ថែម​ក្នុង​តំបន់​ដែល​កម្ពុជា​អាច​ប្រើប្រាស់​ផលិតផល និង​វត្ថុធាតុដើម​ដែលមាន​ប្រភពពី​ប្រទេស​សមាជិក​អា​សិប​ដទៃទៀត ក្នុងការ​ផលិត​នូវ​ផលិតផល​របស់​កម្ពុជា ហើយ​នៅតែ​រក្សាបាន​នូវ​ដើមកំណើត​ទំនិញ​កម្ពុជា​ដើម្បី​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​រៀបចំ​សិក្ខាសាលា​ជា​ស៊េរី​នេះ​ជា​បន្តបន្ទាប់ ដូចជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ព្រះសីហនុ និង​ស្វាយរៀង​, ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ​។ លើសពីនេះ ទិសដៅ​ទៅ​ថ្ងៃ​អនាគត វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ រួមសហការ​ជាមួយ​នាយកដ្ឋាន​នាំចេញ​-​នាំចូល នឹង​បន្ត​រៀបចំ​សិក្ខាសាលា​ជា​ស៊េរី​បែបនេះ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងទៀត តាម​ការចាំបាច់ ដើម្បី​ធានា​បរិ​យា​ប័ន្ន និង​និរន្តរភាព​នៃ​ការអនុវត្ត​វិធាន​នេះ​៕​.mara