ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​កូនដើម​ឈើ​កោង​កាង​ដែល​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​គ្រោង​ដាំ​នៅលើ​ដី​ដែល​គេ​បាន​កាប់​ទន្ទ្រាន​នៅក្នុង​ឆ្នាំ​២០២២​នេះ​មាន​ចំនួន​ជាង​ប្រាំ​មួ យ ម៉ឺន​ដើម ក្នុងនេះ​ចំនួន​៧.០០០​ដើម​បាន​ដាំ​រួច កាលពី​ថ្ងៃទី​២៥​ខែមិថុនា​នៅក្នុង​ស្រុក​ព្រៃនប់​។​

លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២២​ថា​កូនឈើ​កោង​កាង​ចំនួន​៧.០០០​ដើម បានដាក់​ដាំ​រួច​នៅក្នុង​ពិធី​កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២២ ដឹកនាំ​ដោយ​លោក គង់ វិ​តាណ​: អភិបាលរង​ខេត្ត​ព្រះសីហនុ នៅលើ​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ជាង​៧ ហិកតា​ដែល​បាន​រង​ការកាប់បំផ្លាញ​កាល​ពេល​កន្លងទៅ ស្ថិតនៅ​ក្នុងភូមិ​ជម្ពូរ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​លោក ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា កូនឈើ​កោង​កាង​ដែល​បាន​បណ្តុះ​សម្រាប់​ដាំ​នៅ​ឆ្នាំ​២០២២​នេះ​មាន​ចំនួន​៦០.៥០០ ដើម ដោយ​ចំនួន​៧.០០០​ដើម​បានដាក់​ដាំ​រួច​និង​មួយចំនួនទៀត ត្រៀម​ដាំ​នៅ​កន្លែង​ផ្សេង​ដែល​រង​ការកាប់បំផ្លាញ​នៅតាម​សងខាង​ទំនប់​ការពារ​ទឹកប្រៃ​។​

​លោក នេន ចំរើន បាន​និយាយ​ដោយ​យោងតាម​របាយការណ៍​ថា​នៅក្នុង​ឆ្នាំ​២០២១ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​បណ្តុះ​កោង​កាង ចំនួន​៥.៥០០​ដើម ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ និង​ក្រុង​កោះរ៉ុង ដាំ​កោង​កាង ចំនួន​៤.០០០​ដើម​លើ​ផ្ទៃដី​ចំនួន ៤,៥០​ហិកតា ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ និង​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

កាលពីពេល​កន្លងទៅ ថា ផ្ទៃដី ព្រៃកោងកាង ដែល បានធ្វើ ជំរឿន ដោយ រដ្ឋបាល ជលផល នៅក្នុង ឆ្នាំ ២០១០ មាន ចំនួន ៩.៣២៥ ហិកតា តែ បច្ចុប្បន្ន អាច នៅសល់ តិចជាង នេះ ដោយសារ ការកាប់ ទន្ទ្រាន ខុសច្បាប់ តែ មន្ទីរ ក៏បាន ធ្វើ​ការដាំ ឡើងវិញ ជា បន្តបន្ទាប់ តាម ការណែនាំ របស់លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ នៅ កន្លែង ណា ដែល គេ កាប់បំផ្លាញ ហើយ បាន រឹបអូស ត្រឡប់មកវិញ​។​ការដាំ ព្រៃ​កោង កាង បានធ្វើ រាល់ ឆ្នាំ នៅ តំបន់ រិច រិល ដោយមាន កិច្ចសហការ ពី ប្រជាពលរដ្ឋ និង សហគមន៍ នៅតាម មូលដ្ឋាន ៕​.mara