ដោយៈ គង់​ហេង​/ កំពង់ចាមៈ អាជ្ញាធរខេត្ត​កំពង់ចាម បានសម្រេច​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​បង្កើត​គម្រោង​អភិវឌ្ឍន៍ សួនច្បារ​មាត់ទន្លេ ដោយ​គ្រោង​នឹង​ស្ថាបនា​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ដើម្បី​រក្សា​ចំណាត់ថ្នាក់​ជាទី​ក្រុង​ផ្ការំដួល​បី ទង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​យោងតាម​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​គម្រោង​អភិវឌ្ឍន៍ សួនច្បារ​មាត់ទន្លេ​ដែលមាន​ប្រវែង​ជិត ១.០០០ ម៉ែត្រ​តាម​បណ្តោយ​មាត់ទន្លេ​មេគង្គ ចាប់ពី​អតីត​កំពង់​ស្រឡាង រហូតដល់​ផ្សារ ៧​មករា ក្នុង​ក្រុង​កំពង់ចាម ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នេះ សហការី​ជាច្រើនរូប មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ខាង​ក្រុមហ៊ុន នៅក្នុង​សាលាខេត្ត​កាលពី​ថ្ងៃទី ២៨ មិថុនា​ម្សិលមិញ​។​
តំណាង​ក្រុមហ៊ុន បានធ្វើ​បទ​បង្ហាញជូន​ដល់​អ្នកចូលរួម​ថាៈ តាម​គម្រោង​ប្លង់ ដែល​គ្រោង​នឹង​អភិវឌ្ឍ​សួនច្បារ​មាត់ទន្លេ​មាន​៖ អាហា​រដ្ឋា​ន​លើទឹក​, បឹង​ហ្គា​ឡូ​, ក្លឹប​ហាត់ប្រាណ​, ផាប់​, សួន​កុមារ​, កន្លែង​ថតរូប​, កន្លែង​ភិ​ច​និ​ច​, កញ្ចុះ​អង្គុយលេង និង​ផ្សារ​អាហារ​ជាដើម​…​។​

​ក្រោយពី​ការ​ផ្តល់យោបល់ ពី​សំណាក់​មន្ត្រី​ជំនាញ​តាម​បណ្តា​មន្ទីរ និង​អង្គភាព​មួយចំនួន លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម​បានសម្រេច​ឱ្យ​ខាង​ក្រុមហ៊ុន ធ្វើការ​កែតម្រូវ​គម្រោង​ប្លង់​លើ​គម្រោង​ប្លង់​ទាំងមូល​ឱ្យបាន​ត្រឹមត្រូវ​, សិក្សា​អាង​ប្រតិកម្ម​ឡើងវិញ​, រៀបចំ​ប្លង់​អំពូល​ភ្លើង​, កែ​ប្លង់​រង្វង់​មូល​, ដាក់​បន្ថែម​ប្លង់​បន្ទប់ទឹក និង​គូស​ប្លង់​អង្គភាព​នគរបាល​ជើង​ទឹក ហើយ​បន្ទាប់​ចាំ​ចុះកិច្ចសន្យា​ជាមួយគ្នា​៕​